កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៥ នេះ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ ឯកឧត្តម លី ផល្លា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋាបាលជលផល និងឯកឧត្តម អស់លោក ប្រធានអង្គភាពជំនាញ ក្រោមឱវាទ ក្រសួងកសិកម្មបានអញ្ជើញទៅពិនិត្យ វាយតម្លៃ កន្លែងអភិរក្សពូជត្រីធម្មជាតិ របស់សហគមន៍នេសាទ ភ្នៀតកោះពងសត្វ ស្ថិតក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អេង ជាសាន បានមានប្រសាសន៍រាយការណ៍ជូន ឯកឧត្តម រដ្ឋមន្ត្រីជាកន្លែងអភិរក្ស ពូជត្រីនេះមានទីតាំងឋិតនៅក្នុងទីអារាមវត្តសេនាប្រជុំពល តាមបណ្តោយដងស្ទឹងសិរីសោភ័ណ្ឌ ជាកន្លែងអភិរក្សពូជត្រីធម្មជាតិ ដូចជា ត្រីឆ្តោ ត្រីរ៉ស់ ត្រីក្រាយ ត្រីសណ្តាយ ត្រូព្រលូង ត្រីឆ្ពិន ត្រីកេស ត្រីប្រា និងវារីសត្វ និងសត្វល្មូនជាច្រើនប្រភេទទៀត សហគមន៍នេសាទភ្នៀត កោះពងសត្វនេះគឺបានរៀបចំបង្កើតឡើងតាំងពីឆ្នាំ ២០០១។
ក្រោមកិច្ចសហការរវាង ខណ្ឌរដ្ឋបាលជនផលបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន អង្គការជាដៃគូរនឹងសប្បុរសជន ហើយបច្ចុបន្ននេះ សហគមន៍នេសាទភ្នៀតកោះពងសត្វ មានកន្លែងអភិរក្សពូជត្រីធម្មជាតិ ចំនួន៥កន្លែង ឋិតតាមបណ្តោយដងស្ទឹងសិរីសោភ័ណ។ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី អ៊ុករាប៉ុន បានមានប្រសាសន៍ស្ងើចសរសើរនឹងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រៃងរបស់សហគមន៍នេសាទនៅទីនេះ នៅក្នុងការអភិរក្សពូជត្រីធម្មជាតិ ឆ្លើយតបទៅនឹង បរិបទ ដែលវិស័យជលផលកំពុងឋិតនៅលើមាគ៌ា កំណែទម្រង់ស៊ីជម្រៅ ដោយផ្តើម ចេញពីការលុបវិស័យឡូត៍នេសាទទាំងអស់ នៅក្នុងក្របខណ្ឌទូទាំងប្រទេស និងជំនួសមកវិញដោយការបង្កើត កន្លែងអភិរក្សជលផល និងបង្កើតសហគមន៍នេសាទឈានឆ្ពោះទៅធានាការគ្រប់គ្រងនឹងប្រើប្រាស់ប្រភពធនធានជលផលឲ្យមាននិរន្តភាព។ ឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រីអ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ផ្តល់នូវការលើកទឹកចិត្តនឹងសំនូមពរ ឲ្យបន្តរការខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើយ៉ាងណាឲ្យពូជត្រីធម្មជាតិរបស់យើងនៅតែមាននិរន្តរភាព និងចាត់ទុកការអភិរក្ស ត្រូវតែផ្សារភ្ជាប់ការងារអប់រំ ផ្សព្វផ្សាយ ដើម្បីអោយប្រជាជន មហាជនយើងមានការយល់ដឹង ហើយ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដូចជា ត្រូវបន្តផ្សព្វផ្សាយ អនុសាសន៍ដ៏ថ្លៃថ្លា ៧ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងវិស័យជលផល និងគៀងគររកប្រភពទុនដើម្បី ពង្រីក និងបង្កើតកន្លែងភិរក្ស ពូជត្រីធម្មជាតិនេះបន្ថែមទៀត៕