ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានបន្តដំណើរមកឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហា ដើម្បីសំណេះសំណាលជាមួយប្រជាសហគមន៍រស្មី
ចេញផ្សាយ ២៧ ឧសភា ២០១៩
3184
ចេញដំណើរពីខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃដដែលឯកឧត្ដមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហា ដើម្បីសំណេះសំណាលជាមួយប្រជាសហគមន៍រស្មីលើកកម្ពស់កសិករដែលកំពុងអនុវត្តកម្មវិធី ប្លុករ៉ាយស៍ (BlocRice)។ សូមបញ្ជាក់ជូនថា អង្គការអុកហ្វាម (Oxfarm) បានជួយឧបត្ថម្ភកម្មវិធីប្លុករ៉ាយស៍នេះ ដែលកម្មវិធីនេះប្រើប្រាស់ប្រព័ន្ធឌីជីថលដោយបញ្ចូលទិន្នន័យដូចជាព័ត៌មានពីសហគមន៍ កសិករ ផែនទីដាំដុះ ប្រភេទពូជស្រូវ ការដាំដុះ ប្រមូលផល កែច្នៃ វេចខ្ចប់ ដឹកជញ្ជូន ទីផ្សារ និងតម្លៃដែលសមាជិកសហគមន៍ទទួលបាន។ ជារួម ផ្សាភ្ជាប់រវាងអ្នកផលិត និងអ្នកបរិភោគតាមរយ:ព័ត៌មានសំខាន់ៗដែលបានបញ្ចូលលក្នុងប្រព័ន្ធស្មាតហ្វូន។ បច្ចុប្បន្នមានកសិករចំនួន ៥០ គ្រួសារកំពុងសាកល្បងប្រើប្រាស់កម្មវិធីនេះ ហើយក្នុងចំណោម ៥០គ្រួសារនេះ មាន ៣៨គ្រួសារបានផលិត និងលក់ស្រូវបានប្រមាណជា ៩២តោន ដោយទទួលបានទឹកប្រាក់សរុបជាង ២២ពាន់ដុល្លារអាមេរិច។
ជាបឋម ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរចំពោះសហគមន៍រស្មីលើកកម្ពស់កសិករដែលទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ តាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា លើដំណាំស្រូវជាមួយក្រុមហ៊ុន Amru Rice និងដំណាំដំឡូងមីជាមួយក្រុមហ៊ុនផ្សេងទៀត។ ហើយលោកក៏បានថ្លែងអំណរគុណផងដែរជូនចំពោះអង្គការ Oxfarm ដែលបានជួយគាំទ្រដល់ការអនុវត្តគម្រោងនេះ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ក្នុងពិធីដ៏មានអត្ថន័យនេះ លោកបានជម្រាបជូនអង្គពិធីថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសដែលខ្វះស្បៀង មកជាប្រទេសដែលកំពុងផលិតស្បៀងដែលមានស្តង់ដារ និងគុណភាពសម្រាប់នាំចេញ។ លើសពីនេះទៀតគឺ ប្រជាសហគមន៍បាននិងកំពុងចាប់ផ្តើមយល់ច្បាស់អំពីសារៈសំខាន់នៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា បច្ចេកទេសដាំដុះ ការកែច្នៃ វេចខ្ចប់ និងការបំពេញនូវសេចក្តីត្រូវការរបស់ទីផ្សារ ដែលក្នុងសម័យឌីជីថលរូបនីយកម្មនេះ អ្នកបញ្ជាទិញនិងអ្នកបរិភោគប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ស្វែងយល់អំពីប្រភពដើមនៃផលិតផល បញ្ជាទិញ និងទូទាត់ប្រាក់តាមរយ:ធនាគារ។
ទាក់ទងការងារផលិតកម្ម លោកបានណែនាំដល់សហគមន៍ឲ្យសហការជាមួយវិស័យឯកជនដើម្បីផលិតពូជសម្រាប់បម្រើឲ្យសេចក្តីត្រូវការក្នុងសហគមន៍ ធានាពូជសុទ្ធ និងតម្លៃ។ ដោយឡែក អគ្គនាយកដ្ឋានកសិកម្មត្រូវសហការជាមួយដៃគូវិនិយោគ និងសហគមន៍លើកសំណើទៅក្រសួងពាណិជ្ជកម្មដើម្បីពិនិត្យ ពិចារណាផ្តល់ការគាំទ្រលើគម្រោងសាងសង់ឃ្លាំងស្តុក និងរោងសម្ងួតស្រូវ និងពោតនៅតាមសហគមន៍ធំៗក្នុងខេត្តគោលដៅ ដែលនឹងផ្តល់ឱកាសក្នុងការពង្រឹង ពង្រីក និងធានាបាននូវបរិមាណប្រមូលទិញក្នុងរដូវប្រមូលផល ការស្តុកទុក តម្លៃ និងគុណភាព ឆ្លើយតមតាមសេចក្តីត្រូវការទីផ្សារនាំចេញជូនពួកគាត់ ហើយថែមទាំងអាចប្រែក្លាយពួកគាត់ពីសហគមន៍កសិកម្ម ទៅជាសហគមន៍កសិពាណិជ្ជកម្មផងដែរ។