ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានបន្តដំណើរមកពិនិត្យ និងស្វែងយល់អំពីដំណើរការកែច្នៃផ្លែឈើមានដូចជាផ្លែស្វាយ ម្នាស់ តាង៉ែន និងល្ហុងរបស់ក្រុមហ៊ុនា (Misota Co. Fruit Processing Factory)
ចេញផ្សាយ ២០ មីនា ២០១៩
3343
កម្មវិធីទី២:
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យ និងស្វែងយល់អំពីដំណើរការកែច្នៃផ្លែឈើមានដូចជាផ្លែស្វាយ ម្នាស់ តាង៉ែន និងល្ហុងរបស់ក្រុមហ៊ុនា (Misota Co. Fruit Processing Factory)។ ក្នុងឱកាសបានជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុន កម្មករ តំណាងកសិករអ្នកផ្គត់ផ្គង់ និងសហការីអង្គការ USAID ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ វាយតម្លៃខ្ពស់ និងអបអរសាទរចំពោះក្រុមហ៊ុនក្នុងស្រុកដែលបានជឿជាក់ ទុកចិត្តលើស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដាក់ទុនវិនិយោគធ្វើការកែច្នៃផលិតផលផ្លែឈើខ្មែរដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចយ៉ាងធំធេងសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិទាំងក្នុងពេលបច្ចប្បន្ន និងពេលអនាគត ដោយបានការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ USAID។ លោកបញ្ជាក់បន្ថែមថាសកម្មភាពនេះគឺសមស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៩- ២០៣០ និងជាពិសេសអាចឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ ដោយសារកំណើនចំណូលក្នុងគ្រួសារ ជាក់ស្តែងក្នុង ១ហត ដាំស្វាយបាន ៣០០ដើម ក្នុង ១ដើមអាចទទួលផលបានជា មធ្យម ២០០kg ក្នុង ១kg ក្រុមហ៊ុនទទួលទិញក្នុងតម្លៃ ១៣៥០-១៤០០រៀល ដូច្នេះ ក្នុង ១ហតទទួលបាន ចំណូល ៨៤លានរៀល/ឆ្នាំ (រួមទាំងថ្លៃដើម)។ មានរោងចក្រកែច្នៃ មានការទទួលទិញច្បាស់លាស់ ធានាតម្លៃនោះកសិផលមានទីផ្សារ មិនសល់ទុកចោល កសិផលមានទីផ្សារ អ្នកដាំមានកម្លាំងចិត្ត កក់ក្តៅក្នុងការផលិតសម្រាប់ផ្គត់ផ្គង់ បង្កើតការងារ និងរស់នៅជួបជុំគ្រួសារនិងមានសុភមង្គល។ ទាំងអស់នេះគឺអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តីប្រាថ្នាចង់បាន ហើយពិតណាស់ទាំងក្រសួង ក៏ដូចរាជរដ្ឋាភិបាល បានខិតខំពុះពារគ្រប់ឧបសគ្គដើម្បីស្វែងរកនូវអ្វីដែលប្រជាជនចង់បានពិតប្រាកដនោះគឺសុខសន្តិភាព និងសេដ្ឋកិច្ចគ្រួសាររីកចម្រើន។
ទាក់ទងរឿងការងារបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនខិតខំសិក្សាស្រាវជ្រាវបន្ថែមលើការផលិតពូជ ដែលសមស្របតាមលក្ខណភូមិសាស្រ្ត សណ្ឋាន និងគុណភាពដី ពិសេសតម្រូវការទីផ្សារ សំខាន់ជាងនេះគឺដើម្បីកាត់បន្ថយការនាំចូលពីបរទេសដែលគ្មានប្រភពច្បាស់លាស់។ គួររៀបចំចងក្រងសហគមន៍ផលិតទៅតាមមុខដាំណាំចៀសវាងផលិតជាន់គ្នា ខ្វះការទទួលខុសត្រូវ ដូច្នេះត្រូវអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា រួចបញ្រ្ជាបចូលនូវផែនការ ឬកម្មវិធីដាំដុះឲ្យបានច្បាស់លាស់ដើម្បីធានាបរិមាណផ្គត់ផ្គង់តាមតម្រូវការជាក់ស្តែងរបស់រោងចក្រ ធានាតម្លៃ និងគុណភាពកសិផលតាមស្តង់ដារត្រឹមត្រូវ។ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ ត្រូវជួយបណ្តុះបណ្តាលបច្ចេកទេសដាំដុះ ការជ្រើសរើស និងថែរក្សាទុកដាក់គ្រាប់ពូជ ជំងឺ និងការធ្វើអនាម័យ និងភូតគាមអនាម័យជូនដល់សហគមន៍។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវបីតិសោមនស្សរីករាយ ដោយបានឃើញសមិទ្ធផលជាផ្លែផ្កានាថ្ងៃនេះ ហើយនេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តគំនិតស្មារតីទទួលខុសត្រូវអនុវត្តផែនការ និងគោលនយោបាលអភិវឌ្ឍវិស័យកសិកម្ម ដែលក្រុមហ៊ុនក្នុងស្រុកបាននិងកំពុង អនុវត្តផ្ទាល់ ដោយទទួលបានកិច្ចសហការយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសដៃគូអភិវឌ្ឍន៍អង្គការ USAID និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាការពិត លទ្ធផលនេះគឺបានឆ្លើយតបទៅនឹងគោល នយោបាយរបស់ក្រសួងស្តីពីការជំរុញផលិតកម្មក្នុងស្រុក បង្កើនតម្លៃបន្ថែម បង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក តាមរយ:ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្មពី A ដល់ Z ។
សូមអនុញ្ញាតបញ្ជាក់ជូនថាតាមការរាយការណ៍របស់ប្រធានគម្រោងហាវែស ជំហាន២ បានឲ្យដឹងពីគោលចំបងនៃគម្រោងថាដើម្បីពន្លឿនកំណើនវិស័យសាកវប្បកម្មនៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ដែលផ្តោតជាសំខាន់លើទី១. ការធ្វើឲ្យសមត្ថភាពតួអង្គទីផ្សារមានភាពល្អប្រសើរឡើងលើផ្នែកហិរញ្ញវត្ថុ អាជីវកម្ម និងបច្ចេកទេស។ ទី២. ធ្វើទំនាក់ទំនងទីផ្សារមានភាពល្អប្រសើរឡើង និងទី៣. កែលម្អអភិបាលកិច្ច និងសម្រួលធុរកិច្ច និងប្រែក្លាយពីកសិករ ទៅជាកសិពាណិជ្ជករក្នុងពេលអនាគត។