នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង០៨:០០ព្រឹក ថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Jaing Feng Zhang នាយកប្រតិបត្តិគម្រោងផ្នែកកសិកម្ម និងធនធានធម្មជាតិនៃធនាគារអភិវឌ្ឍអាស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ADB និងសហការីដើម្បីស្នើសុំការណែនាំ ចង្អុលបង្ហាញ និងការណែនាំបន្ថែមពីឯកឧត្តមរដ្ឋមន្ត្រីទាំងចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ដើម្បីយកទៅកែលម្អ បំពេញបន្ថែមនូវរាល់ចំណុចខ្វះខាតរបស់គម្រោងដែល ADB បានជួយកន្លងមក និងជាពិសេសសេចក្តីត្រូវការជាអាទិភាពរបស់ក្រសួងដើម្បីអភិវឌ្ឍលើអនុវិស័យនីមួយៗ និងផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍវិស័យកសិកម្ម។
មានមតិស្វាគមន៍ តាមរយ:លោក Jaing Feng Zhang ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ ADB ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនភ្ញៀវថា គោលដៅរបស់ក្រសួងរយៈពេលកន្លងមកគឺផ្តោតជាសំខាន់លើការផលិតស្រូវ និងការនាំចេញ ដោយឡែកក្នុងបរិបទថ្មីនៃកំណើនសេដ្ឋកិច្ច ការកើនឡើងនៃចំនួនប្រជាជន ទេសចរណ៍ និងតម្រូវការនៃទីផ្សារបានតម្រូវឲ្យក្រសួងពង្រឹង ពង្រីក និងធ្វើបច្ចុប្បន្នភាពនៃគោលដៅរបស់ខ្លួនមកផ្តោតលើការធ្វើកសិកម្មចម្រុះ និងផលិតផលដែលមានសក្កានុពលខ្ពស់ដូចជា ដំឡូងមី ពោតចំណី ស្វាយ ស្វាយចន្ទី និងជាពិសេសសាកវប្បកម្ម ធ្វើយ៉ាងណាជួយប្រជាកសិករបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅស្របតាមបរិបទថ្មីនេះ។ ដូច្នេះ ដើម្បីអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព និងនិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យ ADB ពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រលើការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះដើម្បីបង្កើនតម្លៃបន្ថែមដល់កសិផល ពង្រីកនិងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេកទេស និងការធានាដល់គុណភាព សុវត្តិភាពទាំងអនាម័យនិងភូតគាមអនាម័យ និងជាពិសេសកាត់បន្ថយការនាំចេញវត្ថុធាតុដើម។
ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យ ADB ពិនិត្យពិចារណារៀបចំគម្រោងអភិវឌ្ឍអនុវិស័យជលផល ផ្នែកវារីវប្បកម្មនិងការកែច្នៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ឈានទៅដល់បង្កើនការនាំចេញ និងជាពិសេសកាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិ។ ពាក់ព័ន្ធនឹងអនុវិស័យផលិតកម្មសត្វ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកពីចំណុចសំខាន់នៃផលិតកម្មគោ ដោយផ្តោតលើការបង្កាត់សប្បនិម្មិតពូជគោដែលកំពុងមានសក្តានុពលលើទីផ្សារ ហើយដែលជាប្រភពចំណូលសម្រាប់កសិករនៅជនបទយ៉ាងរឹងមាំ។ ដោយឡែក ចំពោះហេដ្ឋារចនាសម្ព័ន្ធគាំទ្រដែលសំដៅជាពិសេសលើការប្រើប្រាស់ទឹកបៃតង ផ្ទះកញ្ចក់ ការធ្វើទំនើបកម្មកសិកម្ម ការធ្វើផលិតកម្មតាមកិច្ចសន្យា និងការគាំទ្រសហការជាមួយវិស័យឯកជនក្នុងការផលិតពូជគ្រិះសុទ្ធ ឯកឧត្តមរដ្ឋមន្ត្រីក៏បានទាញអារម្មណ៍ឲ្យ ADB ក្រឡេកមើលពីសារៈសំខាន់របស់វា ដែលជាគន្លឹះដ៏សំខាន់ជួយបំពេញបន្ថែមខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម និងផលិតភាពដើម្បីផ្គត់ផ្គង់ទីផ្សារទាំងក្នុងស្រុកនិងនាំចេញ។
ជាការឆ្លើយតប លោក Jaing Feng Zhang សូមឯកភាពលើការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយពិតជាល្អនិងសំខាន់សម្រាប់រូបលោកនិងសហការីយកទៅពិនិត្យ ពិចារណាផ្តល់ការគាំទ្រ និងជាពិសេសបញ្ចូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍថ្មីដែល ADB កំពុងចងក្រងសម្រាប់កម្ពុជា។ ហើយលោកក៏បានបញ្ជាក់ផងដែរថា ADB នឹងបន្តផ្តល់ការគាំទ្រមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីអភិវឌ្ឍវិស័យនេះកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត។