នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Diedrah Kelly នាយកប្រតិបត្តិនៃ Canada’s Indo-Pacific Agriculture and Agri-Food នៃទីភ្នាក់ងារស្ថានទូតកាណាដាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានពិភាក្សាលើចំណុចសំខាន់ៗរួមមាន៖ ទី១. ការបង្ហាញពីទិដ្ឋភាពទូទៅនៃការិយាល័យ Canada’s Indo-Pacific Agriculture and Agri-Food Office ដែលមានគោលដៅជំរុញការនាំចេញនូវផលិតផលកសិផលរស់ប្រទេសកាណាដា មកប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទី២. គម្រោងរៀបចំសិក្ខាសាលានាពេលខាងមុខ ក្នុងការផ្សព្វផ្សាយអំពីច្បាប់ នីតិវិធី និងស្ដង់ដារដែលត្រូវគោរពបំពេញ ដើម្បីនាំចេញផលិតផលទៅកាន់ប្រទេសកាណាដា ទី៣. ស្វែងរកសក្តានុពលក្នុងការប្រើប្រាស់ឈើពីប្រទេសកាណាដា សម្រាប់ការធ្វើគ្រឿងសង្ហារឹម និងសំណង់ និងទី៤. ការជំរុញឱ្យប្រទេសកាណាដា ពិនិត្យបង្កើនការនាំចូលនូវផលិតផលកសិផលពីប្រទេសកម្ពុជា ដូចជាអង្ករ និង ផ្លែឈើសម្ងួត ជាដើម៕