នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូ Euro Cham ដឹកនាំដោយលោក Eugene Kraamwinkel ដើម្បីពិនិត្យមើលបន្តទៀតលើការអនុវត្តជាក់ស្តែង ធានាប្រសិទ្ធភាពសេដ្ឋកិច្ច និងផលចំណេញខ្ពស់ជូនចំពោះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកសិករ សហគមន៍កសិកម្មទំនើប និងអ្នកប្រើប្រាស់សម្រាប់ហូបចុក។
នៅក្នុងកិច្ចពិភាក្សានោះ EuroCham កម្ពុជា ក៏បានបង្ហាញអំពីរបកគំហើញពីការធ្វើអង្កេតលើបញ្ហានិងការប្រឈមក្នុង វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ដែលបានរំលេចនៅក្នុង សៀវភៅស (White Book 2024) មានដូចជា ផលិតកម្មកសិកម្មតាមកិច្ចសន្យា កម្លាំងពលកម្មក្នុងវិស័យកសិកម្ម ស្ដង់ដា/សំណល់ ថ្នាំពុលកសិកម្មក្នុងផលិតផល និងសារធាតុពុលដែលបានប្រើប្រាស់ក្នុងផលិតកម្មកសិកម្ម។
ទន្ទឹមនឹងនេះ EuroCham កម្ពុជា ក៏បានធ្វើបទបង្ហាញអំពីបញ្ហា និងអនុសាសន៍ដែលទាក់ទងនឹងការធ្វើអង្កេត លើចម្ការម្រេច ដែលបញ្ហានិងការប្រឈមទាំងនោះរួមមាន ការលើកកម្ពស់ការយល់ដឹងរបស់កសិករ ការកសាងសមត្ថភាពរបស់កសិករនៅតាមកសិដ្ឋាន និងការអនុវត្តន៍គោលនយោបាយ រួមទាំងបទបញ្ញតិនានារបស់ក្រសួងកសិកម្មជាដើម។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ EuroCham កម្ពុជា និងស្ថាប័នពាក់ព័ន្ធចំពោះការអង្កេតនេះ។ ឯកឧត្តមបន្ថែមថា ក្រសួងនឹងធ្វើការកត់សម្គាល់លើបញ្ហា និងអនុសាសន៍ដែលបានលើកឡើងដោយក្រុមការងារ EuroCham កម្ពុជា។ ក្រសួងក៏នឹងពិនិត្យមើលបន្តទៀតលើការអនុវត្តជាក់ស្តែង ដើម្បីធានាប្រសិទ្ធភាពសេដ្ឋកិច្ច និងផលចំណេញខ្ពស់ជូនចំពោះគ្រប់ភាគីពាក់ព័ន្ធរួមមាន កសិករ សហគមន៍កសិកម្មទំនើប និងអ្នកប្រើប្រាស់សម្រាប់ហូបចុក។ នៅក្នុងកិច្ចពិភាក្សានោះ ភាគីពាក់ព័ន្ធឯកភាពបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតនៅក្នុងវិស័យកសិកម្មផង៕