ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួង តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារនៃអង្គការដៃគូអភិវឌ្ឍន៍ USAID បានរួមគ្នាចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តគម្រោងនានា
ចេញផ្សាយ ២០ មីនា ២០១៩
2543
នាថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួង តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារនៃអង្គការដៃគូអភិវឌ្ឍន៍ USAID បានរួមគ្នាចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តគម្រោងនានាដែលបាន និងកំពុងទទួលការជួយគាំទ្រពី USAID ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
សូមជម្រាបថា ដោយយោងតាមកម្មវិធីដែលបានគ្រោងទុកក្នុងដំណើរទស្សនកិច្ចពេញមួយថ្ងៃនេះគឺរួមមាន៖
កម្មវិធីទី១: ពិនិត្យគម្រោង Nourish ដែលគម្រោងនេះផ្តោតជាសំខាន់លើការបង្កើនអាហាររូបត្ថម្ភដល់កុមារតូចនៅភូមិពួកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
កម្មវិធីទី២: ពិនិត្យខ្សែច្រវាក់ផលិតកម្ម និងរោងចក្រកែច្នៃផលិតផលផ្លែឈើរបស់ក្រុមហ៊ុន Misota រួមជាមួយការសំណេះសំណាលជាមួយប្រជាកសិករ ដែលស្ថិតនៅក្នុងគម្រោង Cambodia Harvest ជំហាន២។
កម្មវិធីទី៣: ទស្សនកិច្ចមជ្ឈមណ្ឌលឧត្ដមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ Center of Excellence on Substainable Agricultural Intensification and Nutrition (CE SAIN) ដែលសកលវិទ្យាល័យភូមិន្ទកសិកម្មទទួលបន្ទុកអនុវត្តគម្រោងផ្ទាល់នៅខេត្តបាត់ដំបង។
កម្មវិធីទី៤: បន្តដំណើរឆ្ពោះទៅខេត្តពោធិ៍សាត់ ដើម្បីពិនិត្យវឌ្ឍនភាពនៃគម្រោង Rice Field Fisheries ជំហាន២ (RFF II) ដោយគម្រោងនេះផ្តោតលើការលើកកម្ពស់ចំណីអាហារ និងអាហាររូបត្ថម្ភរបស់ប្រជាជនក្រីក្ររស់នៅតាមដងទន្លេសាបក្នុងខេត្តគោលដៅចំនួន៤ គឺខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំតាមរយៈលើកកម្ពស់ផលិតកម្មស្រូវ ការធ្វើវារីវប្បកម្ម និងប្រព័ន្ធផលិតចំណីអាហារនិងស្បៀង។