នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំពិធីចែកទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យជូនភ្នាក់ងារផ្សព្វផ្សាយ និងអង្គភាពអនុវត្តកម្មវិធីស្តីពី "ការផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ" ហៅកាត់ថា ASPIRE ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងមានការចូលរួម ពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង តំណាងអង្គការ IFAD នាយកគម្រោង មន្រ្តីអនុវត្តគម្រោង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃខេត្តគោលដៅ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកកម្មវិធី ASPIRE AIMS & S-RET បានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីសាវតាររបស់គម្រោង និងសមិទ្ធផលសំខាន់ៗដែលគម្រោងសម្រេចបាននារយ:ពេលកន្លងមក បញ្ហាដែលបានជួបប្រទះក្នុងអំឡុងពេលអនុវត្តគម្រោង និងបានរំលេចអំពីផែនការ និងទិសដៅសម្រាប់អនុវត្តបន្តផងដែរ។ ឯកឧត្តមបានឲ្យដឹងថាកម្មវិធីនេះបានគ្របដណ្តប់លើខេត្តចំនួន២០ ប៉ុន្តែថ្ងៃនេះខេត្តគោលដៅចំនួន១២ បានទទួលទោចក្រយានយន្តចំនួន ៤៩៦គ្រឿង រួមទាំងកុំព្យូទ័រ ៣៨២ គ្រឿង និងសម្ភារការិយាល័យមួយចំនួនធំទៀត យកទៅចែកជូនភ្នាក់ងារផ្សព្វផ្សាយឃុំនៅតាមខេត្តគោលដៅទាំងនោះមានខេត្តកំពង់ស្ពឺ ប៉ៃលិន សៀមរាប បន្ទាយមានជ័យ កំពង់ធំស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង និងខេត្តតាកែវ។
ជាបឋម ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលតាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមូលនិធិ IFAD ដែលបានគាំទ្រ និងឧបត្ថម្ភហិរញ្ញប្បទានសម្រាប់អនុវត្តកម្មវិធីខាងលើទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដូចដែលឯកឧត្ដមមាស ពិសិដ្ឋ បានរាយការណ៍។ ឆ្លៀតយកឱកាសនេះ លោកបានលើកឡើងដោយសង្ខេបអំពីប្រវត្តិនៃជំនួយហិរញ្ញវត្ថុរបស់អង្គការ IFAD មកក្រសួងចាប់តាំងពីកម្ពុជាបានចូលជាសមាជិក IFAD នៅឆ្នាំ១៩៩២ ហើយចាប់តាំងពីឆ្នាំ១៩៩៦ រហូតមកទល់បច្ចុប្បន្ន IFAD បានផ្តល់ជំនួយហិរញ្ញប្បទានតាមរយៈការ អនុវត្តគម្រោងអភិវឌ្ឍវិស័យកសិកម្មជាច្រើនដោយផ្តោតជាសំខាន់លើការលើកកម្ពស់កម្រិត ជីវភាពតាមរយៈការបង្កើនផលិតភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើប ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការកសាងសមត្ថភាពរបស់មន្រ្តីអនុវត្តគម្រោង ការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម ដោយឈរលើសុឆន្ទៈ និងឧត្តមគតិជាតិ និងប្រជាជនជាធំ និងជាពិសេសស្របតាមគំនិតផ្តួចផ្តើម និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា កម្មវិធីនេះគឺមានឥទ្ធិពលជាវិជ្ជមានក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់កសិករក្រីក្រ ទំហំផលិតកម្មតូច និងងាយរងគ្រោះ ដោយផ្តោតលើ ៖ ទី១. ការលើកកំពស់ប្រសិទ្ធភាពសេវាកម្មកសិកម្ម ឆ្លើយតបនឹងតម្រូវការកសិករខ្នាតតូចចំនួន១៤៤ ០០០ គ្រួសារដែលស្ថិតក្នុងខេត្តគោលដៅរបស់គម្រោង និង ទី២. ជួយកសិករទាំងនោះ ឲ្យចេះធ្វើអាជីវកម្មកសិកម្មបែបចិញ្ចឹមជីវិតទៅជាកសិកម្មបែបពាណិជ្ជកម្ម ធន់នឹងការប្រែប្រួលអាកាសធាតុ និងក្លាយជាសហគ្រិនភាពនៅទីជនបទ។ យោងលើសមិទ្ធផលយ៉ាងធំធេងដែលកម្មវិធីសម្រេចបាន ពិតណាស់បានចូលរួមអនុវត្តយ៉ាងពេញ លេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័កសិកម្ម ២០១៩-២០២៣ ក្នុងទិសដៅគោលគឺទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ រក្សានិរន្តរភាពនៃប្រាក់ចំណូលគ្រួសារកសិករ និងធ្វើយ៉ាងណាវិវឌ្ឍន៍ខ្លួនឲ្យទាន់ទៅហ្នឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្មវៃឆ្លាត ការប្រកួតប្រជែងជាលក្ខណ:អន្តរជាតិ បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងបរិបទនៃ “បដិវត្តន៍ឧស្សាហកម្មទី៤”។
ដោយឡែង ទាក់ទងនឹងកម្មវិធី ASPIRE នេះ លោកបានណែនាំឲ្យអង្គភាពអនុវត្តគម្រោងត្រូវធ្វើបច្ចុប្បន្នភាពគោលដៅ គោលបំណង និងសកម្មភាពថ្មីៗបន្ថែមទៀត ដើម្បីឲ្យស្របទៅនឹងការ វិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ និងស្ថានភាពសេដ្ឋកិច្ចក្នុងបរិបទនៃសាកលភាវូបនីយកម្ម។ អង្គភាពជំនាញ មន្រ្តី និងភ្នាក់ងារអនុវត្តកម្មវិធីទាំងអស់ត្រូវរៀនសូត្របន្ថែមទៀតអំពីបទពិសោធន៍ បញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រង ដឹកនាំ និងអនុវត្តគម្រោងឲ្យសម្រេចទទួលបានជោគជ័យ។ កម្មវិធីនេះពិតជារួមចំណែកក្នុងការសម្រេចនូវកំណើនសេដ្ឋកិច្ចជាតិ ចក្ខុវិស័យ ទិសដៅ និងយុទ្ធសាស្រ្តដូចបានលើកឡើងខាងដើមនេះក៏ពិតមែន ប៉ុន្តែដើម្បីឲ្យការអនុវត្តកម្មវិធីកាន់តែមានប្រិសទ្ធភាព និងប្រសិទ្ធផលថែមទៀត ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យមន្រ្តីនៃអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង និងមន្រ្តីអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរៀបចំយុទ្ធសាស្រ្ត ផែនការ សកម្មភាព ធ្វើយ៉ាងណាឲ្យការអនុវត្តកម្មវិធីបានល្អប្រសើរតាមគោលដៅរំពឹងទុក រួមជាមួយនឹងការប្រើប្រាស់ហិរញ្ញប្បទានប្រកបដោយតម្លាភាពក្នុងស្មារតីទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន និងយុទ្ធសាស្រ្តរបស់រាជ រដ្ឋាភិបាល។ លោកក៏បានផ្តាំផ្ញើមន្រ្តីផ្សព្វផ្សាយត្រូវយកចិត្តទុកដាក់ថែរក្សា និងប្រើប្រាស់ទោចក្រយានយន្ត និងសម្ភារនេះឲ្យបានសមស្របក្នុងស្មារតីទទួលខុសត្រូវខ្ពស់។