នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យវាយតម្លៃស្ថានភាពនៃការបំផ្លាញរបស់រុយសលើដំណាំស្រូវ នៅភូមិត្រពាំងប្រិយ៍ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយមានការចូលពីឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ លោកប្រធានមន្ទីរ មន្ត្រីជំនាញ និងអាជ្ញាធរ។
ក្នុងចំណោមផ្ទៃដីបង្កបង្កើនផលស្រូវចំនួន ៤៤៩០ ហិកតា នៅឃុំភ្នំដី មានតែផ្ទៃដីស្រែចំនួន ៣៥ហិកតាប៉ុណ្ណោះ ដែលរងការរាតត្បាតពីរុយស។ មន្ត្រីជំនាញបានចុះមកពិនិត្យ និងចាត់វិធានការកំចាត់បានទាន់ពេលវេលា ធ្វើឱ្យស្ថានភាពបានធូរស្រាលទៅវិញ។
ឯកឧត្តម ប្រាក់ ដាវីដ និងក្រុមការងារ បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ត្រូវចុះពិនិត្យស្រែជាប្រចាំ ដោយសារការផ្ទុះឡើងនូវដង្កូវហ្វូង រុយស និងដង្កូវមូរស្លឹក ដ្បិតតែអាចគ្រប់គ្រងបាន ប៉ុន្តែពុំទាន់កម្ចាត់បានទាំងស្រុងនៅឡើយ។ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រសិនបើប្រជាកសិករ យឺតយ៉ាវ មិនបានចុះពិនិត្យស្រែ និងមិនចាត់វិធានការកម្ចាត់ឱ្យបានទាន់ពេលទេនោះ សត្វល្អិតចង្រៃទាំងនេះនឹងបំផ្លាញដំណាំរបស់ប្រជាកសិករជាក់ជាមិនខាន។
នៅក្នុងបេសសកម្មនេះដែរ មន្ដ្រីជំនាញបានណែនាំដល់កសិករអំពីសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយប្រសិទ្ធភាព និងវិធានការកម្ចាត់ រុយស ដង្កូវហ្វូង និងដង្កូវមូរស្លឹក ព្រមទាំងបានចែកជូនថ្នាំកម្ចាត់ដង្កូវហ្វូងមួយចំនួនដល់ប្រជាកសិករផងដែរ៕