នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលោម៉ោង ១៦:០០ រសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសាភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក David Kaatrud នាយកអង្គការ កម្មវិធីស្បៀងអាហារពិភពលោក (World Food Program) នៃអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងលោកស្រី Francesca Erdelmann នាយកអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបពិភាក្សានេះ មានគោលបំណងសម្តែងការគួរសម និងជម្រាបជូនពីការចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្រ្តថ្មីសម្រាប់កម្ពុជា ២០១៩-២០២៣ (The New Country Strategic Plan, 2019-2023)។
តាមរយ:ផែនការយុទ្ធសាស្ត្រនេះ លោក David Kaatrud បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីដោយសង្ខេបថា ផែនការយុទ្ធសាស្ត្រថ្មីនេះនឹងត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ០៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានកំណត់យកសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាប្រធានបទអាទិភាពសម្រាប់ឆ្នាំ ២០១៩-២០២៣។ លោកក៏បានបញ្ជាក់ផងដែរថា តាមរយ:ផែនការយុទ្ធសាស្ត្រថ្មីនេះ អង្គការកម្មវិធីស្បៀងអាហារពិភពលោកនឹងជួយឧបត្ថម្ភគាំទ្រដល់ ÷ ទី១. ការផ្តល់អាហារដែលផលិតក្នុងស្រុកឲ្យសិស្សនៅសាលារៀន ទី២. ប្រព័ន្ធផ្គត់ផ្គង់ម្ហូបអាហារប្រកបដោយចីរភាព និងនិរន្តភាព ទី៣. ការកាត់បន្ថយហានីភ័យ និងការគ្រប់គ្រង ទី៤. ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថល ទី៥. អភិបាលកិច្ចលើសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការគាំពារសង្គម ទី៦. សេវាផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម និងទី៧. ការផ្តល់ជំនួយផ្នែកបច្ចេកទេស និងគោលនយោបាយដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។
មតិស្វាគមន៍តាមរយ:លោក David Kaatrud ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះអង្គការសហប្រជាជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានា និងឧបត្ថម្ភស្បៀង និងអាហារូបត្ថម្ភដល់ជនងាយរងគ្រោះ និងសហគមន៍នៅទូទាំងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៧៩។ នាឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវផងដែរ អំពីកំណើននៃផលិតកម្មស្បៀងដែលក្រសួងសម្រេចបានក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកមានដូចជាស្រូវ ដំឡូង និងពោត ដែលផលិតកម្មទាំងនោះបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភបានយ៉ាងល្អប្រសើរ។
ចំពោះគម្រោងថ្មីរបស់អង្គការកម្មវិធីស្បៀងពិភពលោក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះផែនការយុទ្ធសាស្ត្រថ្មីសម្រាប់កម្ពុជា ដើម្បីបន្តសកម្មភាពមនុស្សធម៌ក្នុងការធានា និងកាត់បន្ថយភាពអត់ឃ្លាន និងលើកកម្ពស់អាហារូបត្ថម្ភជូនប្រជាជនកម្ពុជា ដែលសកម្មភាពនេះពិតជាបានឆ្លើយតបទៅអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលថារាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយភាពអត់ឃ្លាននោះឡើយ។ ក្នុងនាមក្រសួងផលិតស្បៀង ធានាដល់ការផ្គត់ផ្គង់ទាំងបរិមាណ និងគុណភាព ធានាសន្តិសុខស្បៀង កាត់បន្ថយ និងឈានទៅលប់បំបាត់ភាពអត់ឃ្លាន លោកនិងសហការីនឹងចូលរួម ផ្តល់កិច្ចសហការគ្រប់កាល:ទេស:ធ្វើយ៉ាងណាឲ្យគម្រោងសម្រេចបានលទ្ធផលតាមការគ្រោងទុក។ ទន្ទឹមនេះ លោកបានសំណូមពរឲ្យអង្គការកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការដៃគូអភិវឌ្ឍផ្សេងៗទៀត គួរពិនិត្យលទ្ធភាពផ្តល់ការគាំទ្រដល់ប្រជាកសិករ និងសហគមន៍ក្នុងការធ្វើកសិកម្មចម្រុះ និងផលិតកម្មដែលមានសក្កានុពលខ្ពស់ដូចជាចិញ្ចឹមសត្វ និងសាកវប្បកម្ម ជាពិសេសចិញ្ចឹមគោយកទឹកដោះនៅក្នុងសហគមន៍ ដើម្បីជួយដល់សុខភាពនិងការរីកលូតលាស់របស់កុមារតូច ហើយអាចជួយប្រជាកសិករបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច ដោយកត្តាទាំងអស់នេះនឹងលើកស្ទួយអាហារូបត្ថម្ភប្រកបដោយប្រសិទ្ធភាព។