ជាការឆ្លើយតបទៅនឹងកិច្ចប្រជុំកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គរដ្ឋបាលគយ នៃសាធារណៈប្រជាមានិតចិន ស្តីពីកិច្ចសហប្រតិបត្តិការជំរុញដំណើរការភូតគាមអនាម័យសម្រាប់ការនាំចេញផែ្លស្វាយកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន នៅថ្ងៃសៅរ៍ ៥រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីបានចុះពិនិត្យពីស្ថានភាពដំណើរការនៃខ្សែច្រវាក់ផលិតកម្មដំណាំស្វាយ រួមមានការដាំដុះលក្ខណៈគ្រួសារ សហគមន៍ និងឧស្សាហកម្ម ព្រមទាំងរោងចក្រកែច្នៃ និងរោងចក្រដែលមានធ្វើប្រព្រឹត្តកម្ម ចំហាយក្តៅ (Vapor Heat Treatment) ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សម្រាប់ជាមូលដ្ឋានក្នុងការវាយតម្លៃពីសមត្ថភាព ចំណុចខ្វះខាត និងឈានទៅជំរុញការអនុវត្តឱ្យសមស្របទៅនឹងលក្ខខណ្ឌតម្រូវរបស់ភាគីចិន ដើម្បីភាគីទាំងពីរអាចចុះពិធីសារស្តីពីការនាំស្វាយចេញទៅកាន់ទីផ្សារចិន ជាផ្លូវការក្នុងពេលដ៏ឆាប់ខាងមុខនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្នផ្ទៃដីដាំដុះដំណាំស្វាយនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១០៥ ៣០០,៧៥ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៨០ ១៧១ហិកតា និងទិន្នផលជាមធ្យមទទួលបាន ១៥,២០តោន/ហិកតា/រដូវ ឬ ១ ២១៨ ៥៩៩ តោន/រដូវ។ ដោយឃើញពីសក្តានុពលនៃការនាំចេញផ្លែស្វាយកម្ពុជានោះ អគ្គនាយកដ្ឋានកសិកម្មបានចាប់ផ្តើមចរចាបើកទីផ្សារជាមួយប្រទេសនានា រួមមាន ៖
- ប្រទេសកូរ៉េៈ បានសម្រេចតាំងពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ប៉ុន្តែកង្វះខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តម៉ាស៊ីនកម្ចាត់រុយចោះផ្លែដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment-VHT) គ្រប់គ្រងហានិភ័យ ដែលមិនអាចនាំចេញបានភ្លាមៗ។ ទើបតែថ្មីៗនេះ ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd បានបញ្ចប់ការតម្លើងម៉ាស៊ីនកម្ចាត់រុយចោះផ្លែដោយប្រើចំហាយទឹកក្តៅរួចរាល់ ហើយកាលពីថ្ងៃទី២៥-២៩ ខែមីនា ឆ្នាំ២០១៩ មន្រ្តីជំនាញនៃទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យកូរ៉េ (Animal and Plant Quarantine Agency - APQA) ក៏បានចុះវាយតម្លៃកសិដ្ឋានចម្ការស្វាយនិងកន្លែងធ្វើប្រព្រឹត្តិកម្មអនាម័យសម្លាប់សមាសភាពចង្រៃដោយចំហាយទឹកក្តៅ ដើម្បីនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសកូរ៉េរបស់ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd។ ចំពោះលទ្ធផលនៃការចុះត្រួតពិនិត្យនេះនឹងផ្ញើជូនភាគីកម្ពុជាវិញបន្ទាប់ពីមានការសម្រេចជាផ្លូវការពីថ្នាក់ដឹកនាំ APQA។ តាមការរំពឹងទុក ក្រុមហ៊ុន មានផែនការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកូរ៉េលើកទី១ ក្នុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។
- ប្រទេសថៃៈ ការនាំចេញស្វាយអាចប្រព្រឺត្តទៅបានតាំងពីឆ្នាំ២០១៦ បន្ទាប់ចរចាបើកទីផ្សាររួច
- ប្រទេសវៀតណាមៈ ការនាំចេញស្វាយអាចប្រព្រឺត្តទៅបានតាំងពីឆ្នាំ២០១៥ បន្ទាប់ពីមានការចរចាទ្វេភាគីរវាងអង្គភាពជាតិការពាររុក្ខជាតិ (NPPO) កម្ពុជា ជាមួយ NPPO វៀតណាម។ ដោយឡែក ចេក និងស្រកានាគ ក៏អាចនាំចេញទៅប្រទេសវៀតណាមបានផងដែរ បន្ទាប់ពីការបើកទីផ្សារចូលជាធរមាន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ និងបាននិងកំពុងរៀបចំសេចក្តីព្រាងលក្ខខណ្ឌតម្រូវភូតគាម អនាម័យដើម្បីនាំចេញផ្លែឈើទាំង០៨មុខ (ក្រូចថ្លុង មៀន សាវម៉ាវ ខ្នុរ ក្រូចលឿង ត្របែក ទៀប និងក្រូចខ្វិច) ពីកម្ពុជាទៅកាន់ប្រទេសវៀតណាមបន្តទៀត។
- ប្រទេសជប៉ុនៈ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានការពារដំណាំជប៉ុនបានចាប់ផ្តើមដំណើរការចរចារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ
សម្រាប់ការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសជប៉ុន ប៉ុន្តែអស់រយៈពេល ០១ឆ្នាំហើយ នៅមិនទាន់មានការឆ្លើយតបពីភាគីជប៉ុននៅឡើយទេ ពីបញ្ហានេះ
- នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក៏បានរៀបចំគម្រោងស្នើសុំការជួយពី U.S. Department of Agriculture (USDA) and the U.S. Agency for International Development (USAID) សម្រាប់ជួយដល់ការចរចារទីផ្សារស្វាយកម្ពុជាទៅកាន់ សហរដ្ឋអាមេរិកផងដែរ
- ប្រទេសចិនៈ កំពុងស្ថិតក្នុងដំណាក់កាលអ្នកបច្ចេកទេសរវាងប្រទេសទាំងពីរពិនិត្យ និងពិភាក្សាលើ
សមាសភាពចង្រៃដែលភាគីចិនបានកំណត់ចំនួន០៨ប្រភេទលើដំណាំស្វាយ។
បន្ទាប់ពីបានចុះពិនិត្យនូវខ្សែច្រវាក់ផលិតកម្មដំណាំស្វាយរួចមក ឯកឧត្តមរដ្ឋមន្រ្តី បានកត់សម្គាល់ឃើញថាកសិករ និងសហគមន៍ស្វាយ ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជា
១. ខ្វះទុនសម្រាប់វិនិយោគបន្ថែម
២. ខ្វះបច្ចេកទេសគាំទ្រ (ថែទាំ ប្រមូលផល និងទុកដាក់)
៣. ខ្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រ (ប្រព័ន្ធស្រោចស្រព និងឃ្លាំងទុកដាក់លក្ខណៈស្តង់ដារ)
៤. និងយន្តការទីផ្សារ។
ដោយឡែក ក្រុមហ៊ុន ម៉ៅលីហ្គាស៊ី សហការជាមួយក្រុមហ៊ុន Hyundai Agro បាន និងកំពុងបោះទុនវិនិយោគលើការលាងសម្អាត សម្លាប់មេរោគដោយធ្វើប្រព្រឹត្តកម្មដោយចំហាយក្តៅ លក្ខណៈស្តង់ដារអន្តរជាតិ និងវេចខ្ចប់កម្រិតខ្ពស់ ហើយគ្រោងនឹងនាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េក្នុងឆ្នាំ២០១៩នេះ។ ក្រុមហ៊ុនក៏មានគម្រោងបន្ថែមទុនវិនិយោគមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសដាំដុះ ថែទាំ ប្រមូលផល និងទុកដាក់ លក្ខណៈស្តង់ដារ ដល់កសិករ និងសហគមន៍ស្វាយ ដែលមានបំណងធ្វើការនាំចេញ ដោយសហការផ្គត់ផ្គង់មកក្រុមហ៊ុន។ ជាមួយគ្នានេះក្រុមហ៊ុនក៏បានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្ម គាំទ្រផ្នែកបច្ចេកទេសក្នុងការបណ្តុះបណ្តាលកសិករ និងបង្កើតមន្ទីរពិសោធន៍នៅក្នុងទីតាំងក្រុមហ៊ុនដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការត្រួតពិនិត្យ និងនាំចេញទាន់ពេលវេលា។ លើសពីនេះ រោងចក្រកែច្នៃ និងផលិតដំណាប់ស្វាយ របស់ ក្រុមហ៊ុន បឹងកេត ផ្លេនធីង និងអ៉ីនដាសស្ទ្រៀល ឯ.ក ក៏បានចូលរួមចំណែកក្នុងការស្រូបយកផលិតផលស្វាយស្រស់ប្រមាណជាង ១៦ ០០០តោន ក្នុងឆ្នាំ២០១៨ និងគ្រោងពង្រីកដល់ជិត ៥០ ០០០ក្នុងឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់សហការីខិតខំគៀងករគម្រោងជំនួយឧបត្ថម្ភពីដៃគូអភិវឌ្ឍ ដើម្បីដោះស្រាយនូវបញ្ហា និងសំណូមពររបស់ប្រជាកសិករ និងសហគមន៍ ដើម្បីជួយដល់គាំទ្រដល់ដំណើរការខ្សែច្រវាក់ផលិតកម្មស្វាយនៅកម្ពុជាមានភាពសមស្របទៅនឹងតម្រូវការទីផ្សារអន្តរជាតិ។