នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យ Mr. TAMURA Tsutomu ជានាយកចាត់ការទូទៅក្រុមហ៊ុន NIPPON KOEI ដើម្បីជួបសម្តែងកាគួរសម និងពិភាក្សាអំពីផលិតកម្មសូត្រ និងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត។
ជាបឋម Mr. TAMURA បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យលោក និងសហការីចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងការជំរុញផលិតកម្មសូត្រ និងចិញ្ចឹមដង្កូវនាងនៅកម្ពុជា។ លោកបានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោកមានចំណាប់អារម្មណ៍លើផលិតកម្មសូត្រកម្ពុជា ដោយយល់ឃើញថាវាមានគុណភាពល្អ មិនត្រឹមតែសម្រាប់ផលិតសូត្រដូចអ្វីដែលប្រជាពលរដ្ឋខ្មែរនិយាមប្រើប្រាស់តាមបែបប្រពៃណីតាំងពីបុរាណកាលតរៀងមកនោះទេ ប៉ុន្តែផលិតកម្មសូត្រ និងដង្កូវនាងនេះសម្រាប់ជនជាតិជប៉ុន គេយកវាធ្វើជាគ្រឿងសំអាង ឬឱសថសម្រាប់រក្សាសម្ភស្សស្រ្តីឲ្យនៅក្មេងជាងវ័យ (anti-aging)។ សម្រាប់ផលតិកម្មសូត្រនេះ កម្ពុជាមានសក្តានុពល ប៉ុន្តែគ្រាន់ថាផលិតកម្មនេះនៅមិនទាន់បានអនុវត្តឲ្យបានពេញលេញ និងត្រឹមត្រូវលើខ្សែច្រវាក់ផលិតកម្ម និងទីផ្សារដែលជាដើមហេតុចំបងធ្វើឲ្យផលិតកម្មនេះមានការធ្លាក់ចុះ និងបាត់បង់តម្លៃបន្ថែម។
ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពលើមូលបញ្ហាទាំងអស់ដែលលោកនាយកបានលើកឡើង និងគាំទ្រចំពោះគម្រោងនេះ។ ហេតុនេះ ឯកឧត្តមបានស្នើឲ្យក្រុមហ៊ុនធ្វើការសិក្សាជាបឋមអំពីមូលបញ្ហាសំខាន់ៗដែលធ្វើឲ្យផលិតកម្មសរសៃសូត្រខ្មែរ និងផលិតកម្មចិញ្ចឹមដង្កូវនាងមានការធ្លាក់ចុះឲ្យបានច្បាស់លាស់ បន្ទាប់មកត្រូវដាក់ចេញនូវយន្តការដោះស្រាយសមស្រប ទាន់ពេល និងមានប្រសិទ្ធភាព ដើម្បីលើកស្ទួយ ពង្រឹង និងពង្រីកផលិតកម្មនេះឲ្យមានលក្ខណ:ប្រទាក់ ក្រឡាគ្នាចាប់តាំងពីចំណុចចាប់ផ្តើម ដល់ផលិតផលសម្រេច និងទីផ្សារ (A to Z) ដោយត្រូវបញ្ចូលបច្ចេកវិទ្យាថ្មីៗទៅក្នុងច្រវ៉ាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានការប្រកួតប្រជែង រួមទាំងការធ្វើទំនើបកម្ម ទុនផលិត និងការបណ្តុះបណ្តាល ធ្វើយ៉ាងណាបង្កើនបរិមាណផលិត និងធានាគុណភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា បើផលិតកម្មកើន គុណភាពត្រូវបានធានា ទីផ្សារគាំទ្រ នោះទើបយើងអាចឈានទៅសម្រេចបានតាមផែនការដែលបានកំណត់។ ហេតុនេះ ដើម្បីឲ្យគម្រោងរបស់ក្រុមហ៊ុនសម្រេចបានជោគជ័យ ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការ ហើយក្រុមហ៊ុនត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីសិក្សា និងរៀបចំគម្រោងនេះឲ្យបានសុក្រឹត្យ ធ្វើយ៉ាងណាឲ្យការអនុវត្តប្រព្រឹត្តទៅដោយរលូន។