នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងកសិកម្មដឹកនាំដោយ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង អមដំណើរដោយ លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម លោកសំ សារុន អនុប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង និងសហការី បានចុះទៅពិនិត្យ និងវាយតម្លៃស្ថានភាពនៃការបំផ្លាញដំណាំស្រូវដោយសារសត្វ «រុយស» និងដង្កូវមូរស្លឹកនៅភូមិប្ញស្សីស្រុក ឃុំប្ញស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។
ក្នុងពេលចុះបំពេញការងារនេះ គណៈប្រតិភូបានជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋានដឹកនាំដោយ លោក សុន សុគន្ធ អភិបាលរងស្រុកពាមជរ ក្រុមប្រឹក្សាឃុំប្ញស្សីស្រុក អាជ្ញាធរភូមិ តំណាងក្រមហ៊ុនសឹង្ហមាស និងប្រជាពលរដ្ឋសរុបចំនួន២៧នាក់។ ក្រោយពីពិនិត្យស្ថានភាពជាទូទៅឃើញថា ដំណាំស្រូវជាច្រើនហិកតា កំពុងរងផលប៉ះពាល់ដោយសារការបំផ្លាញរបស់សត្វ «រុយស» និងដង្កូវមូរស្លឹក។
តាមរយៈរបាយការណ៍ របស់អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា នៅស្រុកពាមជរបានដាំដុះស្រូវរដូវវស្សាសរុបចំនួន ៩ ៨៩៨ហិកតា ក្នុងនោះផ្ទៃដីដែលរងផលប៉ះពាល់ដោយសារសត្វរុយសនិងដង្កូវមូរស្លឹកចំនួន៣ ៥៩៤ហិកតា។ ចំពោះ «រុយស» បានកើតមានតាំងពីដើមខែមិថុនា និងដង្កូវមូរស្លឹកចាប់ផ្តើមកើតច្រើននៅចុងខែ មិថុនា ឆ្នាំ២០២៤មកម្លេះ ហើយកសិករក៏បានចាត់វិធានការបាញ់ថ្នាំសម្លាប់ «រុយស» ប៉ុន្តែហាក់មិនសូវមានប្រសិទ្ធភាពឡើយ។ តាមការវាយតម្លៃរបស់កសិករ គឺដំណាំស្រូវរបស់ពួកគាត់ដែលរងការបំផ្លាញក្នុងដំណាក់កាលផើមបាត់ទិន្នផលប្រមាណ៤០-៥០%។ លោកបណ្ឌិត គង់ គា បានជម្រាបជូន ប្រជាកសិករថា ដំណាំស្រូវដែលស្ថិតក្នុងដំណាក់កាលបែកគុម្ព និងដំណាក់កាលកកើតកួរដែលស្លឹកទងនៅល្អ អាចសង្គ្រោះបានប្រសិនជាអាចកម្ចាត់សត្វ «រុយស» បានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុនចែកចាយថ្នាំកសិកម្មសឹង្ហមាស ក៏បានបង្ហាញផលិតផលរបស់ខ្លួន ដែលធ្លាប់បានប្រើជោគជ័យក្នុងខេត្តតាកែវ ដើម្បីធ្វើបង្ហាញជូនកសិករលើផ្ទៃដី១ហិកតា។ បន្ទាប់ពីបានបាញ់រយៈពេល២ម៉ោង គណៈប្រតិភូ និងអ្នកចូលរួមទាំងអស់ចុះពិនិត្យឃើញថាមេពេញវ័យរបស់ «រុយស» ងាប់ស្ទើរគ្មានសល់។ បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានពិភាក្សាជាមួយប្រជាកសិករ ដើម្បីរៀបចំផែនការបាញ់ថ្នាំឱ្យបានស្របពេលគ្នា និងឱ្យក្រុមហ៊ុនពិភាក្សារកអ្នកទទួលផលិតផលលក់ ចែកចាយក្នុងតំបន់ ដើម្បីងាយស្រួលគ្រប់គ្រងតម្លៃ និងចៀសវាងការតម្លើងថ្លៃលើសពីតម្លៃដែលក្រុមហ៊ុនកំណត់លក់ជូនកសិករ៕