ឯកឧត្តម KEVIN CHOEK ឯកអគ្គរដ្ឋទូតសឹង្ហបុរី គោរពអបអរសាទរជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងអណត្តិសម្រាប់នីតិកាលទី៥ នៃរដ្ឋសភានេះ និងគោរពសុំស្វែងយល់អំពីឯកឧត្តមរដ្ឋមន្ត្រីនូវអទិភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងសក្តានុពលដែលប្រទេសសឹង្ហបុរីអាចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងទិសដៅជំរុញចំណងទាក់ទងរវាងប្រទេសសឹង្ហបុរី និងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរឹងមាំឡើងថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រីថ្លែងអំណរគុណជូនចំពោះឯកឧត្តមឯកអគ្ករដ្ឋទូត ហើយបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត នូវកិច្ចការចំពោះមុខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវដោះស្រាយជាបន្ទាន់ជូនប្រជាកសិករដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ជំរុញការនាំចេញអង្ករចេញឱ្យបានមួយលានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០១៥ និងអនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនិតិកាលទី៥ នៃរដ្ឋសភាៈ
- លើកកម្ពស់ផលិតភាព ពិពិធភាពភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្ម
- លើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្ម
- កែទម្រង់ដីធ្លី និងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និង
- គ្រប់គ្រងធនធានធម្មជាតិប្រកបដោយចេរភាព
ឯកឧត្តមរដ្ឋមន្ត្រីសម្តែងនូវការគាំទ្រវិនិយោគិនសឹង្ហបុរី ដែលកំពុងមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានមានប្រសាសន៍ថា “ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានត្រៀមលក្ខណៈសម្បត្តិជាស្រេចដើម្បីស្វាគមន៍ និងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន ដែលនឹងមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ជួយជំរុញវិនិយោគិនសឹង្ហបុរីឱ្យមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែច្រើនថែមទៀតលើវិស័យកសិកម្ម និងបណ្តុះបណ្តាលធនធានមនុស្ស។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាថានឹងសហការជំរុញវិនិយោគិនសឹង្ហបុរីឱ្យមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាលើវិស័យកសិកម្ម និងបណ្តុះបណ្តាលធនធានមនុស្ស។