ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់ ឯកឧត្តម Jean-François Cautain ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការគាំទ្រផ្នែកហិរញ្ញប្បទាន ព្រមទាំងជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុបមកកម្ពុជា ពិសេសការជួយគាំទ្រលើការជំរុញកំណើនផលិតភាពក្នុងវិស័យកសិកម្ម សំដៅរួមចំណែកដល់ការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រដ្ឋាភិបាល។ កិច្ចសវនាការនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គោលបំណងនៃកិច្ចសវនាការនេះ គឺភាគី EU ចង់ស្វែងយល់អំពីគម្រោងសាងសង់ផ្លូវពីខេត្តមណ្ឌលគិរីទៅកាន់ខេត្តដាឡាត់ប្រទេស វៀតណាមប្រវែង៦៧គីឡូម៉ែត្រ ឆ្លងកាត់ព្រៃការពារមណ្ឌលគិរី និងការបើកច្រកទ្វេភាគី ក្បាលដំរី ដែលស្ថិតនៅក្នុងភូមិសាស្រ្តភូមិឡឥដ្ឋ ឃុំក្រងតេះ ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី។ ភាគី EU បានបង្ហាញពីផលប៉ះពាល់លើតំបន់ស្នូលនៃព្រៃការពារនេះ ជាពិសេសការ អភិរក្សខ្លាធំព្រមទាំងជីវចម្រុះផ្សេងៗដែលមានដោយកម្រ និងជាតំបន់មានសក្តានុពលក្នុងការបង្កើតជាតំបន់មួយទទួលស្គាល់ដោយUNESCO ហើយតំបន់នេះក៏ជាតំបន់ដែលភាគី EU កំពុងមានការគាំទ្រលើការគ្រប់គ្រងធនធានធម្មជាតិផងដែរ។ ដោយយល់ឃើញពីអត្ថប្រយោជន៍នៃតំបន់នេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីបារម្ភ ហើយបានស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមេត្តាពិចារណាដោះស្រាយបញ្ហានេះ តាមដែលអាចធ្វើបាន។ ម្យ៉ាងទៀតEU នឹងផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងស្តីពី Sustaining biodiversity, environmental and social benefits in the Protected Areas of the Eastern Plains Landscape of Cambodia ក្នុងពេលខាងមុខនេះ។ ក្រៅពីបញ្ហាដែល បានលើកឡើងខាងលើនេះ ភាគី EU បានស្វែងយល់បន្ថែមអំពីការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចដែលលោកកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់យ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញកើតឡើងអំពីបញ្ហាទំនាស់ដីធ្លីនេះ។ បញ្ហាមួយទៀតគឺដំណើរការនៃការអនុវត្តគម្រោងនានាតាមផ្នែកសំខាន់ៗដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
ជាការឆ្លើយតបឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបង្ហាញពីការព្រួយបារម្ភដូចគ្នាដែរ ប្រសិនបើមានការសាង់សង់ផ្លូវកាត់តំបន់ស្នូលព្រៃការពារក្នុងភូមិសាស្រ្តខាងលើនេះ។ ករណីនេះឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានផ្តល់ឯកសារជូនរដ្ឋបាលព្រៃ-ឈើដើម្បីសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅបន្ថែមទៀត ហើយឯកឧត្តមរដ្ឋមន្រ្តីនឹងធ្វើការសិក្សា ពិភាក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរដែនដីដើម្បីបញ្ចៀសទិសដៅមិនឱ្យប៉ះពាល់ដល់តំបន់ព្រៃការពារនេះ។
ដោយឡែកពាក់ព័ន្ធនឹងការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីពង្រឹងនិងជំរុញដល់កិច្ចអភិវឌ្ឍក្នុងផ្នែកនេះ កន្លងមករាជរដ្ឋាភិបាលបានសម្រេចលុបគោលការណ៍ និងកិច្ចសន្យាវិនិយោគដីសម្បទានសេដ្ឋកិច្ចចំនួន៦៣ក្រុមហ៊ុន ដែលមានផ្ទៃដី៥១៣.៦៧៦ហិកតា ដោយមូលហេតុក្រុមហ៊ុនទាំងនោះមិនគោរពតាម ឬរំលោភធ្ងន់ធ្ងរលើកិច្ចសន្យា។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានលុបគោលការណ៍ និងកិច្ចសន្យាវិនិយោគដីសម្បទានសេដ្ឋកិច្ចចំនួន៨ក្រុមហ៊ុនបន្ថែមទៀត។ ជារួម បន្ទាប់ពីមានគោលការណ៍សម្រេចពីរាជរដ្ឋាភិបាល ក្រសួងតែងតែរៀបចំសន្និសីទសារព័ត៌មានដើម្បីជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ ម៉្យាងទៀត ដើម្បីដោះស្រាយនូវបាតុ-ភាពដីធ្លីក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច រាជរដ្ឋាភិបាលមានយន្តការច្បាស់លាស់ ដែលបានបង្កើតឡើងតាំងពីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមមាន៖អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីគណៈកម្មការអន្តរក្រសួងត្រួតពិនិត្យនិងវាយតម្លៃដីសម្បទានសេដ្ឋកិច្ច ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលហើយគណៈកម្មការនេះតែងកោះប្រជុំជាប្រចាំ ដើម្បីដោះស្រាយករណីជាក់លាក់ណាមួយនៃទំនាស់ដីធ្លីឱ្យបានទាន់ពេលវេលាព្រមទាំងមានក្រុមការងារផ្ទៃក្នុងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយនឹងលេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ច និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តជាដើម។ជារួមទំនាស់ដីធ្លីក្នុងដីសម្បទានសេដ្ឋកិច្ច តែងទទួលបានការដោះស្រាយដោយយកចិត្តទុកដាក់ ហើយឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថារាល់វិធានការដោះស្រាយ តែងត្រូវបានប្រកាន់ភ្ជាប់យកនូវវិធានការទន់ភ្លន់តែម៉ឺងមាត់ តាមរយៈយន្តការថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ជាមួយនឹងការគិតគូរដល់ផលប្រយោជន៍សមស្របរបស់ប្រជាជន អ្នកវិនិយោគ និងសង្គមជាតិ។ ទោះយ៉ាងណាក្តី ដោយមានការតាមដាន ត្រួតពិនិត្យ ជួយឧបត្ថម្ភ និងជំរុញពីរាជរដ្ឋាភិបាល សកម្មភាពវិនិយោគដាំដុះនៃក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមានសន្ទុះលឿនជាលំដាប់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវសុទិដ្ឋិនិយម និងអរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីEU ដែលបានផ្តល់ហិរញ្ញប្បទានយ៉ាងសន្ធឹកសន្ធាប់ក្នុងដំណើរការអនុវត្តគម្រោងនានា រយៈពេលកន្លងមក និងនៅពេលខាងមុខទៀតដើម្បីគាំទ្រដោយសុទ្ធចិត្តដល់ការអនុវត្តនូវយុទ្ធសាស្រ្តនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយក្រសួងត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការនេះដើម្បីកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅជនបទ។ ជាមួយនេះ ក្រសួងនឹងពិចារណាលើគម្រោងអភិបាលកិច្ចការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងការធ្វើពាណិជ្ជ-កម្ម (Forest Law Enforcement Governance and Trade) ដើម្បីពិនិត្យលទ្ធភាពនាំចេញឈើស្របច្បាប់ទៅសហភាពអឺរ៉ុប។
កិច្ចសវនាការនេះ បានបញ្ចប់សព្វគ្រប់នៅវេលាម៉ោង១១:៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងស្មារតីសហប្រតិបត្តិការខ្ពស់។