ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរំលឹកនូវប្រវត្តិនៃចំណងដ៏ល្អប្រសើរដែលធ្លាប់មានជាយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋបារាំង ហើយបារាំងបានស្រាវជ្រាវនិងបន្សល់នូវឯកសារជាច្រើនសម្រាប់ជាប្រយោជន៏ដល់ប្រទេសកម្ពុជាដែលនៅតែប្រើប្រាស់មកទល់បច្ចុប្បន្ន ពិសេសការកសាងនិងនិងស្ថាបនាប្រទេសកម្ពុជាឡើងវិញក្រោយសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនៅដើមទស្សវត្សទី៩០ ដែលប្រទេសបារាំងបានផ្តល់នូវជំនួយឥតសំណងជាច្រើនសម្រាប់កម្ពុជានិងដោយឡែកសម្រាប់វិស័យកសិកម្ម ជាអាទិ៍ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យកសិកម្មដើម្បីផលប្រយោជន៏ប្រជាកសិករនៅតំបន់ជនបទ ការបណ្តុះបណ្តាលធនធានមនុស្សនិងគម្រោងអភិវឌ្ឍន៏ក្នុងវិស័យកសិកម្មជាច្រើនដែលមានជាបន្តបន្ទាប់រហូតមកទល់ពេលនេះ ដូចជាគម្រោងអភិវឌ្ឍន៏កៅស៊ូគ្រួសារ ពិពិធកម្មកសិកម្ម គម្រោងគាំទ្រដល់ការធ្វើពាណិជ្ជកម្មអង្ករទ្រទ្រង់ដល់ការចូលរួមអនុវត្តគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្កររបស់រាជរដ្ឋាភិបាល។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា(Jean-Claude POIMBOEUF) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងវាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាដែលជាវិស័យអាទិភាពមួយដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តមទូត បានលើកឡើងក្នុងជំនួបសវនាការជាមួយឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ក្នុងឋានៈដែលឯកឧត្តមទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ឱកាសនោះ ឯកឧត្តមទូតមានបំណងស្វែងយល់អំពីសកម្មភាពសំខាន់ៗក្នុងវិស័យកសិកម្មដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះឱ្យបានល្អប្រសើរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនភ្ញៀវអំពីចំនុចសំខាន់ៗដែលបានចែងយ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលសម្រាប់វិស័យកសិកម្មដែលជាវិស័យសំខាន់មួយក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង្កើនផលិតភាព ពិពិធភាវូបនីកម្មនិងពាណិជ្ជូបនីយកម្ម ផលិតផលកសិកម្មជាពិសេសការបង្កើនផលិតកម្មស្រូវនិងការនាំចេញអង្ករ។ គួរកត់សម្គាល់ថារហូតមកដល់ខែសីហា ឆ្នាំ២០១៤ នេះកម្ពុជាបាននាំអង្ករចេញចំនួនប្រមាណ ២៣៥ពាន់តោន បើប្រៀបធៀបទៅនឹងការនាំចេញរយៈពេល១២ខែឆ្នាំ២០១៣ដែលមានចំនួនប្រមាណ៣៨០ពាន់តោនហើយទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាគឺមានបំណងនាំអង្ករចេញឱ្យបានយ៉ាងតិច១លានតោននៅឆ្នាំ២០១៥។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំងក៏ដូចជាសហភាពអ៊ឺរ៉ុបដែលបានបើកទូលាយទីផ្សារសម្រាប់អង្ករកម្ពុជានិងសង្ឃឹមថាសហភាពអ៊ឺរ៉ុបនឹងបន្តទទួលនូវការនាំចូលអង្ករកម្ពុជា។ រីឯបញ្ហាដែលជួបប្រទះក្នុងវិស័យនាំអង្ករចេញនេះរួមមាន កង្វះឧបករណ៍សំងួតនិងម៉ាស៊ីនកែច្នៃស្រូវអង្ករទៅតាមស្តង់ដារទីផ្សារដែលថវិការជាតិនៅមានកម្រិតនៅឡើយខណៈដែលកម្ពុជាត្រូវការជាចាំបាច់នូវការវិនិយោគពីវិស័យឯកជនក៏ដូចជាអ្នកវិនិយោគទុនបរទេសផងដែរ។
ក្រៅពីស្រូវអង្ករកម្ពុជានៅមានផលិតកសិកម្មមួយចំនួនទៀតដូចជា ដំឡូងមី ពោត សណ្តែងសៀង ម្រេច ស្ករអំពៅ ផ្លែស្វាយ ផ្លែចេក។ល។ដែលមានសក្តានុពលសម្រាប់នាំចេញ ហើយដែលមួយរយៈកន្លងមកនេះកម្ពុជាបាននិងកំពុងរៀបចំពិធីសារ ព្រមទាំងតម្រូវការផ្នែកអនាម័យនិងភូតគាមអនាម័យជាមួយប្រទេសចិនក្នុងការនាំចេញផលិតផលទាំងនេះទៅកាន់ទីផ្សារប្រទេសចិន ហើយសង្ឃឹមថាទីផ្សារសហភាពអ៊ឺរ៉ុបនឹងត្រូវការផលិតផលទាំងនេះដែរ។ ទន្ទឹមនឹងនេះកម្ពុជានៅមានផលិតផលជលផលសម្រាប់ធ្វើការនាំចេញផងដែរ ថ្វីត្បិតតែកម្ពុជាកន្លងមកបាននាំចេញផលិតផលជលផលតិចតួចនៅឡើយបើប្រៀបធៀបទៅនឹងប្រទេសថៃនិងវៀតណាម តែកម្ពុជាបាននិងកំពុងជំរុញការការពារធនធានជលផល ជាពិសេស ជំរុញការអភិវឌ្ឍន៍ផ្នែកវារីវប្បកម្មនេះយ៉ាងយកចិត្តទុកដាក់។លើសពីនេះទៅទៀតពាក់ព័ន្ធការអភិវឌ្ឍសហគមន៏កសិកម្មដោយផ្អែកលើច្បាប់ស្តីពីសហគមន៍កសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបំណងជំរុញការអភិវឌ្ឍសហគមន៍នេះឱ្យប្រែក្លាយទៅជាសហគមន៍ពាណិជ្ជកម្មកសិកម្ម ហើយដែលក្រសួងសង្ឃឹមថារដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងជួយឧបត្ថម្ភគាំទ្រដល់កិច្ចការនេះ។
ពាក់ព័ន្ធនឹងការអភិវឌ្ឍដំណាំកៅស៊ូ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនភ្ញៀវថា រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីចម្ការកៅស៊ូប្រមាណ ៣០០ពាន់ហិកតា ដែលក្នុងនោះភាគច្រើនជាចម្ការកៅស៊ូគ្រួសារ ហើយដែលកន្លងមកនេះបានជួបប្រឈមនឹងបញ្ហាកម្មសិទ្ធិដីធ្លី។ប៉ុន្តែដោយសារគោលនយោបាយចាស់ សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាលបញ្ហានេះត្រូវបានដោះស្រាយ ធ្វើឱ្យគ្រួសារដែលមានចម្ការកៅស៊ូទទួលបានប្លង់កម្មសិទ្ធិដីដែលអាចយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍដំណាំកៅស៊ូរបស់ខ្លួន។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលបារាំងនិង AFD ដែលបានជួយឧបត្តមទាំងថវិការ ធនធានមនុស្សនិងបច្ចេកទេសក្នុងការអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជាជាពិសេសកៅស៊ូគ្រួសារ។ ជារួមភាគីបារាំងបានគាំទ្រទាំងស្រុងចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី និងបានបញ្ជាក់ថាអ្វីដែលរដ្ឋាភិបាលបារាំងនិង AFD បាននិងកំពុងជួយឧបត្ថម្ភនេះត្រូវបានមើលឃើញថាកំពុងតែបំពេញនូវតម្រូវការអភិវឌ្ឍរបស់កម្ពុជា ហើយរដ្ឋាភិបាលបារាំងត្រៀមខ្លួនជាស្រេចក្នុងការជួយកម្ពុជាបង្កលក្ខណៈឱ្យទំនាក់ទំនងការងារកាន់តែប្រសើរឡើង ព្រមទាំងជួយកៀងគរលើកទឹកចិត្តវិនិយោគិនបារាំងឱ្យមកធ្វើការវិនិយោគលើវិស័យកសិកម្ម ជាពិសេសវិស័យឧស្សាហកម្មនៅកម្ពុជា។ ឆ្លៀតឱកាសនោះ ឯកឧត្តមទូតក៏បានអញ្ចើញឯកឧត្តមរដ្ឋមន្ត្រីចូលរួមក្នុង “ទិវាឆ្នាំអន្តរជាតិនៃកសិកម្មជាលក្ខណៈគ្រួសារ” ដែលនឹងប្រព្រឹត្តទៅនៅវិទ្យាស្ថានបារាំងនៅកម្ពុជានាថ្ងៃទី២៤-២៥ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលបារាំងនិងទីភ្នាក់ងារ AFD ដែលបាននឹងបន្តជួយគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ចជាតិ ពិសេសការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអ៊ឺរ៉ុបព្រមទាំងគាំទ្រយ៉ាងពេញទំហឹងក្នុងការបន្តកិច្ចសហប្រតិបត្តិការជាប្រពៃណីនេះឱ្យបានល្អប្រសើរថែមទៀត។
កិច្ចសវនាការបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការខ្ពស់។