ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំ និងពិភាក្សាជាមួយមន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងឆ្មាំទន្លេ ដើម្បីពង្រឹងវិធានការការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការផ្សព្វផ្សាយបន្តទៅកាន់សាធារណជន ទាំងជាតិនិងអន្ដរជាតិ។ កម្មវិធីជួបសំណេះសំណាលនេះ មានការចូលរួមពីឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
នៅចំពោះមុខឆ្មាំទន្លេមេគង្គ ក្នុងខេត្តក្រចេះ ចំនួន៤៤រូប លោកជំទាវអនុរដ្ឋលេខាធិការ បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្រ្តីឆ្មាំទន្លេ ដែលបានខិតខំលះបង់អស់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ចដោយមិនខ្លាចការនឿយហត់ ឆ្លាស់វេនគ្នាការពារ និងទប់ស្កាត់បទល្មើសនេសាទនៅតំបន់ការពារ ២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ។ យ៉ាងណាកឰ៏ដោយ ការនេសាទដោយប្រើមងក្រឡាធំ និងឧបករណ៍ឆក់ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ នៅតែមាន និងអាចបង្កហានិភ័យដល់អាយុជីវិតសត្វផ្សោត។
លោកជំទាវ អ៊ឹម រចនា បានលើកទឹកចិត្ត និងសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីឆ្មាំទន្លេទាំងអស់ នឹងរួមសហការគ្នាដើម្បីពង្រឹងវិធានការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីធានានិរន្តរភាពសត្វផ្សោតដែល់ជារតនសម្បត្តិរបស់ជាតិ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ និងបង្កើនចំណូលដល់ប្រជាជននៅក្នុងមូលដ្ឋាន។
លោកជំទាវបញ្ជាក់បន្ថែមថា ជោគជ័យដ៏ធំដែលកម្ពុជាសម្រេចបានក្នុងការអភិរក្សផ្សោត គឺកំណើនសត្វផ្សោតពីចំនួន ៩២ក្បាល ដល់ ១០៥ក្បាល ក្នុងរយៈពេល២ឆ្នាំចុងក្រោយ ដែលនេះ គឺជាសមិទ្ធផលជាទីមោទនៈសម្រាប់កម្ពុជា ដែលកើតចេញពីកិច្ចខំប្រឹងប្រែងរបស់មន្រ្តីឆ្មាំទន្លេអភិរក្ស។ លោកជំទាវនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពនិងសមត្ថភាព ផ្សព្វផ្សាយពីការងារអភិរក្សសត្វផ្សោតនេះ ឱ្យបានទូលំទូលាយថែមទៀតទៅកាន់សាធារណជនឱ្យបានជ្រាបកាន់តែច្បាស់ ជាពិសេសអំពីតម្លៃនៃការលះបង់របស់បងប្អូនឆ្មាំទន្លេនៅក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ៕