នៅរដូវវស្សាឆ្នាំ២០១៣នេះ ជាទូទៅភ្លៀងបានចាប់ផ្តើមធ្លាក់តាំងពីដើមរដូវ ដោយមានរបាយស្មើល្អនៅស្ទើរទូទាំងប្រទេស ផ្តល់អំណោយផលល្អដល់ការងារបង្កបង្កើនផលស្រូវ ជាពិសេសស្រូវបង្កើនរដូវដែលអាចអនុវត្តបានលើផ្ទៃដីចំនួន ២២៩.៨៦៩ហិកតា ដោយទទួលបានទិន្នផលជាមធ្យម ៣,៦៨០ តោន/ហិកតា។ ចំពោះការដាំដុះស្រូវរដូវវស្សាក៏មានសន្ទុះល្បឿនគួរជាទីមោទនៈ ថ្វីត្បិតត្រូវជួបនឹងគ្រោះរាំងស្ងួតក្នុងចន្លោះចាប់ពីពាក់កណ្តាលខែកក្កដា រហូតដល់ដើមខែកញ្ញា ដែលបង្កការប៉ះពាល់ដល់សំណាប សន្ទួង និងស្រូវពង្រោះយ៉ាងច្រើនក៏ដោយ។ គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣នេះ យើងសម្រេចស្ទូង-ព្រោះបានចំនួន ២.៥៥៥.៦៧៧ ហិកតា ស្មើនឹង១០៦,៥០% នៃផែនការ ២.៣៩៩.៦៣៧ ហិកតាលឿនជាងឆ្នាំមុនចំនួន ៦២.០៥៥ ហិកតា បើប្រៀបធៀបរយៈពេលដូចគ្នា។
ទន្ទឹមនឹងលទ្ធផលខាងលើ ដំណាំស្រូវរដូវវស្សានៅតាមបណ្តាខេត្តមួយចំនួន ត្រូវទទួលរងគ្រោះទឹកជំនន់ជាបន្តបន្ទាប់ ហើយថ្មីៗនេះទៀត ក៏ត្រូវទទួលរងនូវបាតុភូតគ្រោះធម្មជាតិបង្កឡើងដោយទឹកជំនន់ទឹកភ្លៀងពីប៉ែកខាងលើ ដែលគិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ បានបង្កការប៉ះពាល់លើផ្ទៃដីសន្ទូង និងស្រូវពង្រោះចំនួន ២៨៦.៩២០ ហិកតា បណ្តាឱ្យមានការខូចខាតចំនួន ២៧.៧៩០ហិកតា។ គ្រោះធម្មជាតិនេះក៏នឹងអាចកើតមាននៅពេលដ៏ខ្លីខាងមុខ ដែលយើងមិនអាចមើលរំលងបាន ជាពិសេសការហក់ឡើងយ៉ាងគំហុកជាថ្មីទៀតនៃទឹកជំនន់ទន្លេមេគង្គស្របពេលមានទឹកជំនន់ទឹកភ្លៀងនៅប៉ែកខាងលើ។