ពីថ្ងៃទី២៧ ដល់ថ្ងៃ៣០ ឧសភា ២០២៤នេះ ឯកឧត្តមខាត់ សុធី លោកយឹម សារុំ ទីប្រឹក្សាក្រសួងកសិកម្ម លោកអនុប្រធាននាយកដ្ឋាន លោកប្រធានការិយាល័យតំបន់សមុទ្រ និងសហការី បានជួបមន្ត្រីកសិកម្មឃុំនៃតំបន់សមុទ្រ នៃខេត្តតាកែវ កំពត និងកំពង់ស្ពឺ ដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់មន្ត្រីកសិកម្មឃុំ ដែលបាន និងកំពុងបំពេញការងារតាមឃុំគោលដៅរយ:ពេលជា៤ខែកន្លងមក។
ក្នុងដំណើរពិនិត្យវឌ្ឍនភាពការងារនេះ ឯកឧត្តម ក៏បានពិភាក្សាលើការងារផលិតពូជសុទ្ធផ្ការំដួលជាមួយសហគមន៍កសិកម្ម ចំនួន៧សហគមន៍ និងបានណែនាំមន្ត្រីកសិកម្ម និងសហគមន៍ ឲ្យធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីជំរុញការផលិតពូជសុទ្ធផ្ការំដួលទទួលបានជោគជ័យ។
ដោយឡែក ពេលជួបប្រជុំជាមួយមន្ត្រីកសិកម្មឃុំទាំង៣ខេត្តដាច់ដោយឡែកពីគ្នា ឯកឧត្តមបានណែនាំឲ្យមន្ត្រីកសិកម្មឃុំ យកចិត្តទុកដាក់លើបម្រើប្រជាកសិករ និងសហការលើការងារ គោលការណ៍ស្រែល្អ ព្រមទាំងរកការសហការពីកសិករដើម្បីផលិតពូជសុទ្ធផ្ការំដួល និងគោលការធ្វើស្រែតាមបែបសមកាលកម្ម។
ទន្ទឹមគ្នានេះ ឯកឧត្តម បានណែនាំឲ្យមន្ត្រីកសិកម្មចេះឆ្លុះបញ្ចាំងនូវវឌ្ឍនភាពការងាររបស់ខ្លួន និងបញ្ហាជួបប្រទះនៅឃុំគោលដៅដែលកំពុងបំពេញការងារដើម្បីស្វែងរកដំណោះស្រាយ ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាកសិករ និយាយដោយឡែក និងវិស័យកសិកម្ម និយាយជារួម៕