កាលពីរាត្រីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤នេះ ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញនិវត្តវិលត្រឡប់មកពីការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានព្រមទាំងកិច្ចប្រជុំអមមួយចំនួនទៀតអស់រយៈពេល៤ថ្ងៃនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ យោងតាមឯកសារស្តីពីដំណើរបេសកកម្មក្រៅប្រទេសរបស់ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុននៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារួមមានកម្មវិធីអញ្ជីញចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំកំពូលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំលើកទី៣៦រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន ចូលរួមកិច្ចប្រជុំលើកទី១៤AMAF Plus Three ប្រជុំទ្វេភាគី AMAF Leader អញ្ជើញចុះហត្ថលេខាលើពិធីសារស្តីពីការនាំចេញពោតពីប្រទេសកម្ពុជាទៅប្រទេសចិន អញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងវិធានផលិតផលកសិកម្ម និងព្រៃឈើពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំលើកទី៤អាស៊ានចិនស្តីពីកិច្ចសហប្រតិបត្តិការអនាម័យ និងភូតគាមអនាម័យ និងអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀងអាស៊ានចិនស្តីពីកិច្ចសហប្រតិបត្តិការអនាម័យ និងភូតគាមអនាម័យ។ អញ្ជើញទទួលបដិសណ្ឋាកិច្ច ឯកឧត្ដមរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីរាត្រីនោះរួមមាន ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទការល័យរដ្ឋមន្ត្រី អគ្គនាយក អគ្គនាយករង ប្រធានអង្គភាពជំនាញ និងមន្ត្រីរាជការ អ្នកមុខអ្នការជាច្រើនរូបទៀត៕