នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តហ៊ូបុី ប្រទេសចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះគណៈប្រតិភូចិនក្នុងការចាប់អារម្មណ៍ក្នុងវិស័យកសិកម្មកម្ពុជា។ លេីសពីនេះ ឯកឧត្តម បានបញ្ជាក់បន្ថែមថា កម្ពុជាបេីកទូលាយសម្រាប់អ្នកវិនិយោគដែលចង់វិនិយោគលេីការកែច្នៃ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ហេីយកម្ពុជាមានកសិផលសក្តានុពលជាច្រេីនដូចជា ស្រូវអង្ករ ស្វាយ ស្វាយចន្ទី មៀន ចេកជាដេីម។
បើតាមឯកឧត្តម ប្រាក់ ដាវីដ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្វាគមន៍ចំពោះគំនិតផ្តួចផ្តេីមនៃការបង្កេីតសួនកសិ-ឧស្សាហកម្ម ដែលជំរុញការកែច្នៃកសិផលកម្ពុជា សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ហេីយក្រសួងនឹងជួយគាំទ្រលក្ខណ:ផ្លូវច្បាប់ និងបច្ចេកទេស។
សម្រាប់កិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យគណៈប្រតិភូចិន សិក្សាឱ្យច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាដែលសមស្របនឹងស្ថានភាពប្រទេសកម្ពុជា ជាពិសេសត្រូវមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ ដែលអាចជួយកសិករទទួលបានភាពចំនេញ និងតម្លៃបន្ថែមខ្ពស់។
សូមជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំនេះគឺពិភាក្សាយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកសិកម្ម៕