នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំយកអំណោយកូនត្រី និងមេពូជ ដែលជាអំណោយឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា មកប្រគល់ជូនរដ្ឋបាលស្រុកវ៉ារិន ខេត្តសៀមរាប ក្នុងពិធីលែងកូនត្រី នៅសហគមន៍អភិរក្សត្រីពូជ ត្រពាំងតាត្រាវ ស្ថិតនៅភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប និងពិធីដាំកូនឈើ។
ក្នុងដំណើរនោះមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង នៃគណ:អភិបាលខេត្តសៀមរាប លោកប្រធានមន្ទីរកសិកម្ម លោកនាយខណ្ឌរដ្ឋបាលជលផល លោកអភិបាលស្រុកវ៉ារិន មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ យុវជន ស.ស.យ.ក ក្រុម១៥៧ និងប្រជាពលរដ្ឋសរុប១៥០នាក់។
ក្នុងអង្គពិធី រដ្ឋបាលជលផលបានផ្តល់កូនត្រីពូជ រួមមាន កូនត្រីប្រាចំនួន ៦ ០០០កូន កូនត្រីពោ ចំនួន ៥ ០០០កូន កូនត្រីឆ្ពិន ចំនួន ១៤ ០០០កូន កូនត្រីព្រលូងចំនួន៥ ០០០កូន និងមេពូជត្រីក្រាញ់ទម្ងន់១៥គីឡូក្រាម ព្រមទាំងដាំកូនរាំងចំនួន២០០ដើម កូនរំដេញចំនួន៥០ដើម។ បន្ថែមពីនេះ គណ:អធិបតី និងអ្នកចូលរួមបានបន្តដំណើរទៅលែងកូនត្រី នៅទីបញ្ជាការជួរមុខបញ្ជាការដ្ឋានការពារអាកាស អ.ប.ក ទិសយោធភូមិភាគ៤ រួមមាន កូនត្រីឆ្ពិនចំនួន៨ ០០០កូន កូនត្រីកាហែចំនួន៣ ០០០កូន កូនត្រីប្រា អណ្តែង ក្រាញ់ កេស ក្អែក ចំនួន៣ ០០០កូន។
គោលបំណងនៃការរៀបចំពិធីលែងត្រី គឺដើម្បីបង្កើនពូជត្រី ការបំផុសគំនិតអភិរក្ស និងបង្កើនការចូលរួមអភិរក្សធនធានជលផល ជាពិសេសជំរុញសកម្មភាពវារីវប្បកម្មឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕