នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកដំណាំសាវប្បកម្ម អមដោយ ឯកឧត្ដម ឃឹម ហ្វីណង់ និងឯកឧត្តម ឃី វិបុលបុត្រា ជាអនុរដ្ឋលេខាធិការ អគ្គនាយរងទទួលបន្ទុកដំណាំសាវប្បកម្ម តំណាងនាយកដ្ឋានសាកវប្បកម្ម និងមន្រ្ដីពាក់ព័ន្ធដំណាំសាវប្បកម្ម បានចុះជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ស្ថិតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្ដតាកែវ។
ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ស្វែងយល់ពីស្ថានភាពដឹកនាំដំណើរការអាជីវកម្ម បញ្ហាប្រឈម និងពិនិត្យលើចំណុចខ្វះខាតបច្ចេកទេសរបស់សហគមន៍ ដែលក្រុមការងារបច្ចេកទេសរបស់ក្រសួងកសិកម្ម នឹងត្រូវជួយបំពេញបន្ថែម តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេស តាមតម្រូវការ ស្ថានភាព និងលទ្ធភាពជាក់ស្ដែង។ វគ្គបណ្ដុះបណ្ដាលនឹងផ្ដោតលើការពង្រឹងប្រសិទ្ធភាពដឹកនាំ ពង្រឹងនឹងពង្រីករក្សាទីផ្សារ ដោយផ្អែកលើស្ដង់ដារផលិតផលរួមតែមួយ ដើម្បីឆ្លើយតបនឹងតម្រូវការពីក្រុមហ៊ុនទទួលទិញ។
ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះឆន្ទ:របស់លោកប្រធានសហគមន៍ ក្រុមប្រឹក្សាភិបាល និងសមាជិកសមាជិកាសហគមន៍ ក្នុងការចូលរួមដំណើការសហគមន៍កសិកម្មទំនើប ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនាពេលនេះ។ ឯកឧត្តមបានលើកទឹកចិត្តដល់សហគមន៍ ត្រូវខិតខំតស៊ូបន្តទៅទៀតទើបសម្រេចជោគគជ័យបាន បើទោះបីជាត្រូវឆ្លងកាត់ឧបសគ្គតិចតួចជៀសមិនរួចក្នុងដំណាក់កាលដំបូង ដែលត្រូវរៀបចំចាត់ចែងផង ដំណើការផលិតកម្មផង។
បន្ថែមពីនេះឯកឧត្តមក៏បានណែនាំទៅ CEO និងក្រុមប្រឹក្សាសហគមន៍ បន្តចាត់ចែងការងារឱ្យមានអ្នកទទួលបន្ទុកបច្ចេកទេសរបស់សហគមន៍ ដោយបែងចែកច្បាស់លាស់អ្នកទទួលបន្ទុកបច្ចេកទេសតាមតំបន់ផ្ទះសំណាញ់ទាំង៦ ដើម្បីឱ្យប្រាកដថា ផលិតផលរបស់សហគមន៍ចេញពីការផលិតដោយបច្ចេកទេសស្តង់ដារតែមួយ ដែលនេះជាលក្ខខណ្ឌតម្រូវមិនអាចខ្វះបានរបស់ទីផ្សារ។ ឯកឧត្តមបន្តថា CEO ត្រូវផ្តួចផ្តើមបង្កើតឱ្យមានកូដសំរាប់ស្វែងរកប្រភព ដែលចាំបាច់បំផុត ក្នុងការគ្រប់គ្រងនិងថែរក្សាស្ថេរភាពគុណភាពផលិតផលរបស់សហគមន៍ឱ្យបានល្អ ដើម្បីជៀសវាងត្រីមួយកន្ត្រក ស្អុយ១ ស្អុយទាំងអស់។
ចំណែក អគ្គនាយកដ្ឋានកសិកម្ម លោកអគ្គរងទទួលបន្ទុកសាកវប្បកម្ម និងលោកអនុប្រធាននាយកដ្ឋានទទួលបន្ទុករួមសាកវប្បកម្ម បានចាត់ចែងជ្រើសរើសមន្រ្តីជំនាញប្រកបដោយបទពិសោធគ្រប់ផ្នែក មកប្រចាំការដើម្បីផ្តល់ការបង្ហាត់បង្រៀនផ្ទាល់ក្នុងកសិដ្ឋានចំនួន១ខែ។ការងារនេះ នឹងចាប់ផ្តើមនៅពេលសហគមន៍បានចាត់ចែងអ្នកទទួលបន្ទុកបច្ចេកទេសជារួម និងតាមតំបន់ផ្ទះសំណាញ់រួចរាល់ ក៏ដូចជា ការមកដល់នៃនិស្សិតស្ម័គ្រចិត្តដែលក្រសួងកំពុងរៀបចំ៕