ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក IZAKI Hiroshiប្រធាន JICA នៅកម្ពុជានិងសហការីនៅក្នុងជំនួបសវនាការ វេលាម៉ោង ១១: ០០ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកអំពីចំណងទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរដែលមានជាយូរលង់ណាស់មកហើយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះរដ្ឋាភិបាលជប៉ុនក៏ដូចជាប្រជាជនជប៉ុនដែលបានផ្តល់ជំនួយឧបត្ថម្ភដល់ប្រជាពលរដ្ឋកម្ពុជាដែលជួបប្រទះគ្រោះទឹកជំនន់កន្លងមក ក៏ដូចជាគម្រោងជាជំនួយឥតសំណងជាច្រើននៅក្នុងវិស័យកសិកម្ម ដែលកំពុងបន្តអនុវត្តរហូតមកដល់សព្វថ្ងៃនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនសមភាគីជប៉ុនអំពីគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់ទៅលើការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម ពាណិជ្ជូបនីយកម្ម ផលិតផលកសិកម្ម ការលើកកម្ពស់ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែទម្រង់ដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាពជាដើម។
លោក IZAKI Hiroshiបានគាំទ្រជាវិជ្ជមាននូវអនុសាសន៍ទាំងឡាយដែលឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនខាងលើ ដោយបានរៀបរាប់អំពីគម្រោងមួយចំនួនដែលកំពុងដំណើរការមកទល់បច្ចុប្បន្ននេះ ក៏ដូចជាគម្រោងថ្មីដែលផ្តោតទៅលើការគាំទ្រដល់ការធ្វើកសិពាណិជ្ជកម្មរបស់កសិករនៅក្នុងសហគមន៍អភិវឌ្ឍន៍កសិកម្ម ការផ្តោតការយកចិត្តទុកដាក់ទៅលើវិស័យឯកជនដើម្បីគាំទ្រដល់ការវិនិយោគលើផ្នែកសហគ្រាសធុនតូចនិងមធ្យម។ លោក Hiroshiក៏បានលើកផងដែរអំពីការរៀបចំ រចនាសម្ព័ន្ធគ្រប់គ្រងគម្រោង 2KR របស់ជប៉ុន (to promote active leadership) ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានគាំទ្រយ៉ាងពេញទំហឹងដល់សមភាគីជប៉ុនក្នុងការចូលរួមជំរុញការអនុវត្តគម្រោងដែលកំពុងដំណើរការឲ្យទទួលបានជោគជ័យ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគម្រោងថ្មីនាពេលខាងមុខដែលគាំទ្រដល់សហគមន៍អភិវឌ្ឍន៍កសិកម្មនៅកម្ពុជា ក៏ដូចជាការអនុវត្តច្បាប់ស្តីពីសហគមន៍កសិកម្មនិងការធ្វើកសិកម្មតាមកិច្ចសន្យា (contract farming) ផងដែរ ដែលជាកត្តាសត្យានុម័តក្នុងការអនុវត្តគោលនយោបាយពាណិជ្ជូបនីយកម្មផលិតផលកសិកម្មរបស់រាជរដ្ឋាភិបាល។ ដោយឡែក ពាក់ព័ន្ធនឹងគម្រោង 2KR ឯកឧត្តមរដ្ឋមន្ត្រីនឹងចូលរួមជំរុញការរៀបចំប្រព័ន្ធ គ្រប់គ្រងគម្រោងនេះប្រកបដោយតម្លាភាព។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការបស់ JICA ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមលក្ខណៈជាសម្រេចដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ JICA ហើយសង្ឃឹមថា JICA នឹងបន្តជួយគាំទ្របន្ថែមទៀតក្នុងការអភិវឌ្ឍធនធានមនុស្សនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលកសិកម្មទាំង៣ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការងារស្រាវជ្រាវនៅវិទ្យាស្ថាន CARDI និងការគាំទ្របច្ចេកទេសដល់អង្គភាពជំនាញផ្សេងៗទៀត។