មន្ត្រីជាន់ខ្ពស់នៅក្នុងរាជរដ្ឋាភិបាល បានអំពាវនាវឲ មានការ ចូលរួមសង្គមទាំងមូល ជួយការពារដល់កុមារនិងស្ត្រីបានកាន់តែច្រើនឡើងថែមទៀត ខណៈដែលលោកយល់ថា អ្នកទាំងនោះងាយនឹងជួបបញ្ហាជាងគេ។
នៅក្នុងពិធីជួបជុំជាមួយនារីទូទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីរសៀលថៃ្ង ទី៥ ខែមីនា នៅទីស្តីការក្រសួងលោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានមានប្រសាសន៍ថា ស្ត្រីនិងកុមារ គឺជាអ្នកងាយរងគ្រោះជាងគេបំផុតពីវិបត្តិនានាក្នុងសង្គម។
ដូច្នេះជាការត្រឹមត្រូវនិងចាំបាច់គួរតែលើកកំពស់ការចូលរួមរបស់ស្ត្រីនិងយុវជនទៅគ្រប់សកម្មភាព ទាំងអស់នៃការអភិវឌ្ឍន៍ ដើម្បីឲមានសមភាពនៃការចូលរួមរបស់ស្ត្រីក្នុងការងារសង្គមជាតិ។ លោកបានបន្តទៀតថាគ្រប់កម្រិតនៃការអភិវឌ្ឍន៍របស់ប្រទេសយើងជាច្រើនក្នុងពិភពលោកយើងនេះ ស្ត្រីតែងតែមានតួនាទីយ៉ាងសំខាន់ និងមានការលំបាកជាច្រើន ជាពិសេសនៅក្នុងប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍន៍។
ជាក់សែ្តងនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតដែរ ក្រៅពីតួនាទីជាស្ត្រីមេផ្ទះ ឬមេគ្រួសារដែលជាមុខរបរមួយនោះ ស្ត្រីបានចូលរួមយ៉ាងសកម្មក្នុងការងារ អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការងារក្នុងវិស័យឯកជន និងវិស័យសាធារណៈផងដែរ ហើយការចូលរួមនោះមានការកើនឡើងពីមួយថៃ្ងទៅមួយថៃ្ងក្នុងគ្រប់សកម្មភាពទាំងអស់ ដូចជាវិស័យ កសិកម្ម ឧស្សាហកម្ម និងសេវាកម្មជាដើម។
ការជួបជុំនារីនៃក្រសួងនេះ គឺជាផែ្នកមួយនៃការចូលរួមអបអរទិវានារីអន្តរជាតិ៨មីនា ដែលនៅឆ្នាំនេះ បានធើ្វក្រោមប្រធានបទ “រួមគ្នាបង្កើនសក្តានុពលរបស់ស្ត្រីនិងយុវវ័យដើម្បីអភិវឌ្ឍន៍សង្គមជាតិ។ ជាមួយនឹងការលើកទឹកចិត្ត ដល់ស្ត្រីការកោតសសើរពីស្នាដៃរបស់ស្ត្រី ដែលបំរើនៅក្នុងក្រសួង លោករដ្ឋមន្ត្រីក៏នៅបានកត់សំគាល់ផងដែរពីការចូលរួមរបស់ស្ត្រីកម្ពុជានៅទូទាំងប្រទេស។ លោកបាននិយាយថា ក្នុងឆ្នាំ២០០៩កន្លងទៅនេះ កម្ពុជាមានស្ត្រីឆ្នើមក្នុងឆាកនយោបាយជាច្រើន ជាក់សែ្តងមានស្ត្រីជាសមាជិកសភា ២៦រូបស្មើនឹង ២៦% នៅក្នុងឆ្នាំ២០១០ ហើយនឹងទៅដល់៣០% នៅក្នុងឆ្នាំ២០១៥ខាងមុខនេះ ។ ក្នុងចំណោមឧបនាយករដ្ឋមន្ត្រី ១០រូប មានស្ត្រី១រូប។ ក្នុងចំណោម រដ្ឋមន្ត្រី២៦រូប មានស្ត្រី ២រូប។ ក្នុងចំណោមរដ្ឋលេខាធិការ ១៩៨រូប មានស្ត្រី១៥រូប និងក្នុងចំណោម អុនរដ្ឋលេខាធិការ២០៤រូប មានស្ត្រី៣០រូប ។ ក្រៅពីនេះ មានស្ត្រីចំនួន២៤រូប ត្រូវបានជ្រើសរើសតាំង ជាអភិបាលរងរាជធានី-ខេត្ត តំណាងស្ត្រីនៅក្រៅប្រទេស ក៏មានការកើនឡើងដែរ មានថ្នាក់ឯកអគ្គរាជទូត ថ្នាក់អគ្គទីប្រឹក្សាស្ថានទូត ទីប្រឹក្សាស្ថានទូត ថ្នាក់អគ្គកុងស៊ុល ។ល។
លោកបានបន្តទៀតថា ធាតុពិតនារី គឺជាធនធានដ៏ពិសិដ្ឋ និងចាំបាច់មិនអាចខ្វះបាន ក្នុងការរួមចំណែកយ៉ាងសកម្មដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ ជាក់ស្ដែងប្រវត្តិសាស្ត្របានបញ្ជាក់យ៉ាងច្បាស់ថានៅដើមសតវត្សទី១នៃ គ្រិស្តសករាជ ភាពរុងរឿងថ្កុំថ្កើងនៃវប្បធម៌ខែ្មរ បានចាប់ផ្ដើមរីកចំរើនរហូត រៀងមកតាំងពីសម័យហ្វូណន ដែលមាននារីជាអ្នកដឹកនាំដ៏ឆ្នើម និងមានតួនាទីដ៏សំខាន់នៅក្នុងសង្គម។ រហូតមកដល់បច្ចុប្បន្ននេះនារីខែ្មរ ក្រៅពីការចូលរួមដឹកនាំប្រទេស ដែលខ្លះជាសិល្បការនី កវិនិពន្ធ ជាបណ្ឌិត សាស្ត្រាចារ្យ អ្នកថែរក្សាមរតកវប្បធម៌ សាសនាប្រពៃណី ទំនៀមទំលាប់ ជាអ្នកគ្រប់គ្រងគ្រួសារ។ល។ នារីក៏មានសិទ្ធិគ្រប់យ៉ាងរួមទាំងការចូលរួមបោះឆ្នោត ឈរឈ្មោះបោះឆ្នោត ទើបធ្វើឱ្យស្ថានភាពដឹកនាំរបស់នារី នៅប្រទេសកម្ពុជាយើងនៅតាមក្រសួង មន្ទីរ ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស ។ល។ កាន់តែមានការប្រែប្រួលយ៉ាងឆាប់រហ័ស៕