ក្រោយពីបានទៅបំពេញទស្សនៈកិច្ចផ្លូវការបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រុមហ៊ុន Lianfa នៅខេត្តជាំងស៊ូ ប្រទេសចិន កាលពីថ្ងៃទី២១ ដល់ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមក ក្រុមហ៊ុន Lianfa មានបំណងចង់បោះទុនវិនិយោគធ្វើការដាំដុះកប្បាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការកែច្នៃក្រណាត់ផ្គត់ផ្គង់ដល់បណ្តារោងចក្រកាត់សម្លៀកបំពាក់នៅកម្ពុជា នាពេលអនាគត ។ តាមរយៈនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនកន្លងមក របស់ក្រុមហ៊ុន Lianfa គឺបានយកពូជប្រមាណជាជាង៤០ពូជ មកដាំសាកល្បងលើទីតាំងតែមួយនៅខេត្តពោធិ៍សាត់ ជាលទ្ធផលគឺទទួលបានលទ្ធផលល្អប្រសើរទាំងអស់ ។ តាមរយៈលទ្ធផលនេះ ក្រុមហ៊ុននឹងបន្តពង្រីកធ្វើការដាំដុះនៅលើផ្ទៃដីចំនួន១៨០ហិកតា របស់ក្រុមហ៊ុនដែលបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចហើយ ហើយនឹងធ្វើការពង្រីកនៃការដាំដុះសាកល្បងនៅក្នុងស្រុកក្រវ៉ាញចំនួន១ហិកតាទៀត មុនការឈានទៅដល់ការដាំដុះដីទំហំធំ នៅតំបន់ទីនោះនាពេលអនាគត។