កាលពីថ្ងៃទី២៦ សីហា ២០១២ កន្លងមកនេះ ឯ.ឧ ច័ន្ទ សារុន បានដឹកនាំប្រតិភូក្រសួង ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្ដ ស្រុក ឃុំ បានចុះសួរសុខទុក្ខ និងញំនាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគទៅប្រគល់ជូនក្រុមយុវជន ស្ម័គ្រចិត្ដរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅភូមិស្លែង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។
តាមរបាយការណ៍របស់លោកណុប សុខា តំណាងក្រុមយុវជនស្ម័គ្រចិត្ដបានឱ្យដឹងថា កំលាំងយុវជនដែលចុះមកបំពេញ ការងារ ក្នុងខេត្ដកំពង់ឆ្នាំងមាន៧ក្រុម ក្នុងនោះស្រុកទឹកផុសមាន៣ក្រុម គឺក្រុម៨៥ ៨៦ និងក្រុម៨៧ ដែលបានចុះអនុវត្ដនៅ ឃុំក្រាំងស្គា ទួលខ្ពស់ និងឃុំក្បាលទឹក។
លទ្ធផលគិតត្រឹមថ្ងៃទី២៥ សីហា ២០១២ សំរេចបំពេញសាលាកប័ត្របាន១៨.០៧៦ ក្បាលដីស្មើនឹង ៧.៧៤៥គ្រួសារ វាស់វែងលំអិតក្បាលដីបាន២.៦១០ក្បាលដី ស្មើនឹង ២.០៨១គ្រួសារ បញ្ចូលក្នុងសំរង់បញ្ជី ឈ្មោះម្ចាស់ដីបាន ៣.៨៤១គ្រួសារ គូរផែនទីក្បាលដីបាន ១.៩២៤ក្បាលដី និងបំពេញទំរង់ប្រមូលទិន្នន័យបាន ៤៨៧ក្បាលដី។
លោកបានបន្ថែមទៀតថា ដោយពេលនេះជារដូវវស្សាធ្វើឱ្យការចុះបំពេញការងាររបស់ក្រុមត្រូវបានរំខាន និង រាំងស្ទះ ដោយ ភ្លៀងជាញឹកញាប់ ជាពិសេសពេលល្ងាច ដូច្នេះបានបង្កការលំបាកដល់ផែនការដែលបានគ្រោងទុក។
ក្រោយបានស្ដាប់មតិ ចំណាប់អារម្មណ៍របស់ឯកឧត្ដមចាន់ សុវុឌ្ឍ ប្រធានសហព័ន្ធនិស្សិត បញ្ញាវ័ន្ដ ប្រជាធិបតេយ្យកម្ពុជា និងមតិស្វាគមន៍របស់ឯកឧត្ដម ទូច ម៉ារីម អភិបាលខេត្ដកំពង់ឆ្នាំង រួចមក ឯកឧត្ដមច័ន្ទ សារុន បានញំនាំនូវការផ្ដាំផ្ញើការសួរសុខ ទុក្ខពីសំណាក់សម្ដេច និងលោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្ដទុកដាក់ ចំពោះក្រុមនិស្សិតស្ម័គ្រចិត្ដចុះវាស់វែងដីធ្លីជូន ប្រជាពលរដ្ឋដែលកំពុងដំណើរការគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លីនាពេលនេះ។
ឯកឧត្ដមច័ន្ទ សារុន បានកោត សរសើរនិងវាយតំលៃខ្ពស់ចំពោះបេសកកម្មរបស់ក្រុមយុវជនស្ម័គ្រចិត្ដទាំងអស់ថា ជាគំរូវីរភាពមួយដ៏ល្អសម្រាប់យុវជនជំនាន់ ក្រោយៗទៀត ពោលគឺជាបេសកកម្មជាប្រវត្ដិសាស្ដ្រក្នុងឆាកជីវិតរបស់ប្អូន។ ឯកឧត្ដមច័ន្ទ សារុន បានសង្កត់ធ្ងន់ថា ក្នុងតួនាទីជា និស្សិតដែលភាគច្រើន សិក្សាលើផ្នែកទ្រឹស្ដីនៅសាលា ពេលនេះមានឱកាសបានបង្កើនចំណេះដឹង បានឃើញផ្ទាល់ពីជីវភាពរស់នៅ ពិតប្រាកដរបស់ប្រជាកសិករ ស្គាល់ពីសម្បត្ដិធនធានធម្មជាតិ និងស្ថានភាពភូមិសាស្ដ្រទឹកដីអង្គរបវរនៃយើង។
ជាមួយនោះក៏ បានធ្វើការក្រើនរំលឹកដល់ក្រុមយុវជនស្ម័គ្រចិត្ដទាំងអស់ ត្រូវខិតខំបន្ដយកអស់ស្មារតីនិងបំណិនរបស់ខ្លួន ដើម្បីបំពេញការងារជូន ប្រជាពលរដ្ឋប្រកបដោយសុឆន្ទៈមោះមុត ដើម្បីសំរេចឱ្យបានតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែល បានបញ្ជាក់បន្ថែមក្នុងសម័យប្រជុំពេញអង្គគណរដ្ឋមន្ដ្រីកាលពីថ្ងៃទី២៤ ខែសីហា ថ្មីៗកន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនោះ លោក បានផ្ដាំផ្ញើដល់ក្រុមយុវជនទាំងអស់ឱ្យយកចិត្ដទុកដាក់ថែរក្សាអនាម័យនិងសុខភាពផ្ទាល់ខ្លួន ព្រោះនឹងត្រូវទៅបន្ដការសិក្សាវិញ នាពេលខាងមុខ ជាមួយនោះត្រូវបន្ដបង្កើនសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមកដូចពាក្យចាស់បានពោលថា នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយ ។
បន្ទាប់មកឯ.ឧ ច័ន្ទ សារុន ក៏បានប្រគល់ជូនដល់ក្រុមយុវជននូវថវិកាចំនួន៣លានរៀល អង្ករ ៦០០គ.ក្រ ត្រីស្រស់ ៦០ គ.ក្រ សាច់ជ្រូក ១៨គ.ក្រ ទឺកក្រូច ៦កេះ ទឺកសុទ្ធ២០យួរ ផ្លែឈើនិងគ្រឿងឧបភោគ បរិភោគជាច្រើនមុខទៀត។ ក្នុងឱកាស នោះដែរ ឯកឧត្ដមច័ន្ទ សារុន រួមជាមួយឯកឧត្ដមអភិបាលខេត្ដ និងក្រុមយុវជនស្ម័គ្រចិត្ដក៏បានចុះជួយច្រូតស្រូវស្រាលដើមរដូវ ជាមួយកសិករយ៉ាងសប្បាយរីករាយ។