នៅវេលាម៉ោង៣រសៀលថ្ងៃទី០៦ខែមេសាឆ្នាំ២០១៦នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានរៀបចំពិធីផ្ទេរតំណែងរដ្ឋមន្ត្រីដោយ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីដែលត្រូវផ្ទេរចេញនិង ឯកឧត្តម វេង សាខុន ដែលត្រូវប្រកាសចូលកាន់តំណែងជារដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ ក្រោយពី ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានរាយការណ៍ពីលទ្ធផលការងារដែលបានបំពេញក្នុងនាមជារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចាប់ពីខែកញ្ញាឆ្នាំ២០១៣មកទល់នឹងថ្ងៃផ្ទេរចេញនេះរួចមក ឯកឧត្តម វេង សាខុន បានឡើងថ្លែងពីមហាកិត្តិយសនិងមោទនភាពដែល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បានត្រាស់បង្គាប់តែងតាំងរូបឯកឧត្តម ជារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ក្នុងនាមជារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទថី្ម ឯកឧត្តម វេង សាខុន បានថ្លែងអំពីការងារដែលត្រូវធ្វើបន្តក្នុងជំរុញអភិវឌ្ឍវិស័យកសិកម្ម ក្នុងក្របខណ្ឌនៃគោលនយោបាយកំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យកសិកម្ម។