ចេញពីខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកឃុំត្រពាំងជ័យ ស្រុកបាកាន ខេត្តពោធិ៍សាត់។ សម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាខេត្តមួយចំនួនទៀតដែលនៅជាប់បឹងទន្លេសាប បានទទួលរងនូវគ្រោះមហន្តរាយនៃទឹកជំនន់ធ្វើឲ្យប៉ះពាល់ និងខូចខាតដល់ដំណាំស្រូវ ដំណាំរួមផ្សំ និងសត្វពាហន:របស់បងប្អូនប្រជាកសិករ។ ស្រុក២ និងក្រុង១ ដែល បានទទួលរងគ្រោះមហន្តរាយធ្ងន់ធ្ងរជាងគេគឺស្រុកបាកានមានផ្ទៃដីដំណាំស្រូវខូចខាត ៩ ៨៨២ហ.ត ស្រុកកណ្តៀងមាន ៨ ៧៥១ហ.ត និងក្រុងពោធិ៍សាត់មាន ៦ ៧៥៣ហ.ត។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកានេះស្រុកបាកាន ផ្ទៃដីដំណាំស្រូវខូចខាតត្រូវបានស្តារឡើងវិញចំនួន ៣ ១០២ហ.ត ស្រុកកណ្តៀងស្តារបាន ៦ ១៧៦ហ.ត និងក្រុងពោធិ៍សាត់ស្តារបាន ១ ៣៤២ហ.ត។
ពិនិត្យឃើញទិដ្ឋភាពជារួម មិនខុសពីខេត្តកំពង់ឆ្នាំងទេ គឺបងប្អូនប្រជាកសិកររួតរះ ភ្ជួររាស់ព្រោះស្រូវដើម្បីស្តារដំណាំស្រូវឡើងវិញឲ្យបានទាន់ពេល។ ខ្លះបានព្រោះពូជស្រូវរួចរាល់ដុះប្រដេញគ្នាជាបន្តបន្ទាប់ គ្រួសារខ្លះទៀតកំពុងរៀបចំដី និងត្រៀមពូជស្រូវដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហើយត្រូវបានយកមកចែកជូនបងប្អូនប្រជាកសិករដោយឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ កាលពីថ្ងៃទី៦ ខែវិច្ឆិកាកន្លងមក។
យកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវចុះមកតាមដានសកម្មភាពស្តារផលិតកម្មដំណាំស្រូវតាមខេត្តគោលដៅរបស់ខ្លួន ក្នុងបំណងធ្វើយ៉ាងណាឲ្យការស្តារដំណាំស្រូវទទួលបានជោគជ័យ សំដៅធានាសន្តិសុខស្បៀងក្នុងគ្រួសារនាពេលអនាគត។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរពង្រឹងកិច្ចសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឲ្យបានល្អប្រសើរ ដើម្បីធានាបានការប្រមូលផលស្រូវនាពេលខាងមុខស្ថិតក្នុងកម្រិតខ្ពស់។ ដោយឡែកម្ចាស់ស្រែ ត្រូវឧស្សាហ៍ចុះស្រែពិនិត្យមើលថែទាំស្រូវ (ទឹក ស្មៅ និងសត្វល្អិតចង្រៃ) ហើយក្រៅពីការងារស្រែ យើងគួរតែដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វដែលអាចធានាសន្តិសុខស្បៀងក្នុងគ្រួសារបាន(ដំណាំអ្វីដែលប្រើទឹកតិច និងរយ:ពេលខ្លី)។