កាលពីថ្ងៃទី២១ ខែសីហា ឯកឧត្ដមរដ្ឋមន្ដ្រីរួមដំណើរជាមួយមន្ដ្រីថ្នាក់ដឹកនាំនាយកដ្ឋានជំនាញមួយចំនួនបានអញ្ជើញចុះពិនិត្យការបូមទឹកជួយសង្គ្រោះសន្តូងចំនួន ១២៦ហត នៅភូមិស្វាយឬស្សី សង្កាត់បារាយ ក្រុងដូនកែវ។
ក្រោយបានស្តាប់របាយការណ៍ពីលោកអភិបាលស្រុកអំពីសកម្មភាពការងារបង្កបង្កើនផល និងបញ្ហាគ្រោះរាំងស្ងួតរួចមក លោក ងិនឆាយ ប្រធាននាយកដ្ឋានដំណាំស្រូវ ឡើងមានចំណាប់អារម្មណ៍ជុំវិញប្រើពូជ ប្រើប្រាស់ជី ថ្នាំពុលកសិកម្ម និងថ្នាំបំប៉នគ្រប់ប្រភេទ ជាពិសេសថ្នាំសម្លាប់សត្វល្អិត លោកបានជូនយោបល់ដល់ប្រជាកសិករថាមុនប្រើគួរសួរនាំមន្ត្រីជំនាញជាមុនសិន ហើយត្រូវជ្រើសរើសថ្នាំណាដែលមានបកប្រែភាសាខ្មែរ ព្រោះបានទទួលស្គាល់ដោយក្រសួងកសិកម្ម ហើយហាមទិញប្រើដាច់ខាតថ្នាំដែលគ្មានការបកប្រែជាភាសាខ្មែរ ប្រើទៅធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពខ្លួន បំផ្លាញសត្វមានប្រយោជន៍ក្នុងស្រែ និងបំផ្លាញដំណាំស្រូវទៀតផង។
បច្ចុប្បន្នកសិករនិយមបាញ់ថ្នាំច្រើងប្រភេទ ដូចជាបាញ់ថ្នាំសម្លាប់ស្មៅ បាញ់ថ្នាំជំនួយឬស បាញ់ថ្នាំឲ្យស្រូវបែកកូន បាញ់ថ្នាំជំនួយដើម បាញ់ថ្នាំឲ្យស្រូវដាក់គ្រាប់បានល្អ។ល។ ធ្វើស្រែរបៀបនេះលោកងិន ឆាយ បញ្ជាក់ថាជាការធ្វើស្រែរបៀបអ្នកមាន តែការពិតប្រមូលផលរួចលក់ស្រូវសងគេអស់ ជំពាក់គេទៀត ដូច្នេះត្រូវសួរនាំមន្ត្រីជំនាញឲ្យបានច្បាស់មុនប្រើ ថ្នាំអ្វីមួយ ពីព្រោះកាលណាប្រើខុសពេល ប្រើច្រើនពេក ធ្វើឲ្យស្រូវងាប់ ស្រូវល្អតែមិនដាក់គ្រាប់មានតែស្លឹក បំផ្លាញសត្វល្អិតមានប្រយោជន៍ក្នុងស្រែ និងធ្វើឲ្យខូចដីទៀតផង។ លោកជូនមតិថាគួរប្រើជីកំប៉ុស្តិ៍ លាមកសត្វ និងកាកសំណល់ឡជីវឧស្ម័យឲ្យបានច្រើនជាការប្រសើរជាង សំខាន់នោះគឺយើងអាចកាត់បន្ថយថ្លៃដើមបានមួយចំនួនធំ។
មានមតិសំណេះសំណាលនាឱកាសនោះលោករដ្ឋមន្ត្រីសុំឲ្យកសិករដែលប្រកបរបរកសិកម្ម ត្រូវចេះឆ្ងល់ ចេះកត់ត្រាបញ្ហា ពីការប្រើពូជ ប្រើជី និងថ្នាំកសិកម្ម ពីព្រោះជាប្រយោជន៍ដល់ការគណនាពីការចំណាយចំណូល និងជាពិសេសពីជំងឺស្រូវ សត្វល្អិត រួចសួរនាំមន្ត្រីជំនាញដើម្បីមានវិធានការដោះស្រាយឲ្យបានត្រឹមត្រូវតាមបច្ចេកទេស។ លោកបន្តថាស្រែត្រូវអនុវត្តតាមបច្ចេកទេស មិនអាចធ្វើតាមទម្លាប់ ធ្វើទាំងប្រថុយប្រថាន ខ្ជីខ្ជា ធ្វើសម្រាប់តែផ្អត់ផ្គង់ក្នុងគ្រួសារបានទេ បើមិនដូច្នេះទេសន្តិសុខស្បៀងក្នុងគ្រួសារមិនអាចធានាបានទេ សមាជិកក្នុងគ្រួសារកាន់តែកើន ផ្ទៃដីស្រែនៅដដែល ទិន្នផលស្រូវមិនកើន តើត្រូវធ្វើយ៉ាងដូចម្តេច? ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីសុំឲ្យកសិករចាប់ផ្តើមកាត់បន្ថយបរិមាណពូជ ជ្រើសរើសពូជសុទ្ធល្អ មានប្រភពច្បាស់លាស់ កាត់បន្ថយជី និងថ្នាំគីមី ហើយត្រូវអនុវត្តតាមការណែពីមន្ត្រីជំនាញកសិករទើបធ្វើស្រែបានទទួលទិន្នផលខ្ពស់។
ធ្វើស្រែរួចត្រូវចុះពិនិត្យ និងថែទាំស្រូវឲ្យបានជាប់ជាប្រចាំក្រែងក្នុងស្រែខ្វះទឹក សត្វល្អិតបំផ្លាញ ស្មៅឈ្លានពានយកជី ទឹក និងពន្លឺអស់។ សូមកុំពឹងតែលើដំណាំស្រូវ ត្រូវធ្វើដំណាំ ចិញ្ចឹមសត្វ ត្រីដែលជាអាជីពបន្ថែម សន្សំនេះបន្តិច សន្សំនោះបន្តិច ធ្វើឲ្យគ្រួសារមានចំណូល កាត់បន្ថយចំណាយមិនចាំបាត់ នោះទើបធ្វើឲ្យជីវភាពយើងបានធូធារ ឈប់ក្រ។ នៅតំបន់នេះ ភាគច្រើនកសិករធ្វើស្រែដើមរដូវនេះគឺជាការចាប់ផ្តើមធ្វើការកែប្រែទម្លាប់ ជាការចាប់ផ្តើមកែប្រែជីវភាពតាមរយៈបង្កើនផលិតភាពផលិតកម្មដំណាំស្រូវលើផ្ទៃដីដដែលដើម្បីជំរុញគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យសម្រេចគោលដៅនៃការនាំចេញអង្ករ ក្នុងឆ្នាំ២០១៥ ឲ្យបាន១ លានតោន។
ចំពោះបញ្ហាសត្វខ្យងស៊ីស្រូវដែលកសិករបានលើកឡើង ឯកឧត្តមរដ្ឋមន្ត្រីបានប្រាប់ពីវិធីកំចាត់ខ្យងដោយដោតឬស្សីក្នុងស្រែឲ្យបានច្រើនកន្លែងខ្យងមកទំពងលើដៃឬស្សីនោះ រួចបេះពងយកទៅបំផ្លាញពងវាចោល យកស្លឹកបន្លែ (ស្ពៃ ត្រកួន) ដែលសល់ពីផ្ទះបាយទៅដាក់ក្នុងស្រែឲ្យខ្យងស៊ីពេលនោះយើងទៅប្រមូលវាយកធ្វើជាចំណីជ្រូក ទា ត្រី និងអាចលែងសត្វទាឲ្យចូលស៊ីក្នុងស្រែតែម្តងក៏បាន ទាល់តែម្ចាស់ស្រែឧស្សាហ៍បន្តិច ទើបអាចធ្វើការនេះបាន តែមានឈ្មោះជាកសិករទាល់តែឧស្សាហ៍ បើមិនដូច្នេះទេធ្វើស្រែមិនបានផលទេ យើងនៅតែក្រ ក្រតកូនចៅ (ស៊ូទ្រំនឿយ កុំស៊ូទ្រំក្រ)។ ដើម្បីជាការចាប់ផ្តើមប្តូរពូជ លោករដ្ឋមន្ត្រីសន្យានឹងយកពូជស្រូវជលសារមកចែកជូនកសិករចំនួន ៤ តោន ក្រោយពីពួកគាត់ប្រមូលស្រូវដើមរដូវនេះរួច ក្នុងឱកាសនេះលោកបានជួយឧបត្ថម្ភប្រេងសម្រាប់បូមទឹកចំនួន ២០០ លីត្រ ផងដែរ។