ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរំលឹកដល់កសិករថា ពូជមួយចំនួន ដែលកសិករកំពុងតែប្រើប្រាស់ ជាពូជដែលមានប្រភពមិនច្បាស់លាស់ នាំចូលពីប្រទេសជិតខាង និងមានតំលៃខ្ពស់ជាងពូជសុទ្ធល្អ ដែលមាននៅក្នុងប្រទេសថែមទៀតផង។
ខណៈពេលជួបជាមួយកសិករ ដែលធ្វើស្រូវប្រាំងចំនួន ១០០គ្រួសារ នៅភូមិឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាមកាលពីចុងសប្តាហ៍នេះ ឯកឧត្តមបណ្ឌិត ច័ន្ទសារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានប្រាប់ដល់កសិករថា ពូជស្រូវដែលប្រជាកសិករប្រើប្រាស់សព្វថ្ងៃ ជាពូជដែលលួចនាំចូលពីប្រទេសវៀតណាម និងមានតម្លៃ ខ្ពស់ជាងពូជ ដែលរាជរដ្ឋាភិបាលកម្ពុជាប្រកាសឲ្យប្រើប្រាស់ និងទទួលបានការស្រាវជ្រាវច្បាស់លាស់ និងមានប្រភពត្រឹមត្រូវ ហើយទទួលបានទិន្នផលខ្ពស់និងមានគុណភាពល្អ។
ឯកឧត្តមបណ្ឌិត ច័ន្ទសារុន បានរំលឹកឲ្យកសិករប្រយ័ត្នក្នុងបញ្ហារនេះ ជាមួយនឹងការជ្រើសរើសពូជសុទ្ធល្អពិសេស ពូជទាំង១០មុខ ដែលប្រកាសឲ្យប្រើដោយរាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិត ច័ន្ទសារុន បញ្ជាក់ថា ពូជស្រូវដែលមិនដឹងប្រភពច្បាស់លាស់កុំយកមកប្រើ។
ការិយាល័យកសិកម្មស្រុក មន្ទីរកសិកម្មខេត្ត ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវពូជទាំង១០មុខ ដែលរាជរដ្ឋាភិបាលប្រកាសឲ្យប្រើប្រាស់។ ឯកឧត្តមបណ្ឌិត ច័ន្ទសារុន ស្នើឲ្យលោក សូ ខនឬទ្ធីគុណ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ត្រូវណែនាំប្រជុំផ្សព្វផ្សាយដល់មន្ទីរកសិកម្មទាំង២៤រាជធានី ខេត្ត ធ្វើយ៉ាងណាឲ្យប្រជាជននៅមួលដ្ឋានបានដឹងពីពូជទាំង ១០មុខ សូមឲ្យប្រើពូជតិចជាង១០០ គីឡូ និងកាត់បន្ថយបន្តបន្ទាប់ដោយប្រើឧបករណ៍ព្រោះគ្រាប់ពូជ។
ពូជស្រូវទាំង១០មុខនេះ មានស្រូវស្រាលមិនប្រកាន់រដូវចំនួន៣ គឺសែនពិដោរ IR66 និងជលសា ស្រូវកាណ្តាលមានចំនួន៤គឺ ស្រូវផ្ការំដួល ផ្ការមៀត ផ្ការំដេង និងផ្កាចន្ទសែនស និងពូជស្រូវធ្ងន់ចំនួនគឺCAR4 CAR6និងរាំង ជ័យ ។
ខណៈទៅទីនោះ ឯកឧត្តមបណ្ឌិត ច័ន្ទសារុន បានចុះទៅពិនិត្យមើលវាលស្រែប្រាំង ដែលទទួលលទ្ធផលល្អប្រសើរ និងផ្តល់ឱកាសដល់ប្រជាកសិករទាំងអស់ឲ្យមានមតិ និងលើកជាបញ្ហា ដែលជួបប្រទះក្នុងការធ្វើស្រែ ចម្ការទាំងរដូវប្រាំងនិង រដូវវស្សា ។
ឯកឧត្តមបណ្ឌិត ច័ន្ទសារុន ក៏សំណូមពរឲ្យប្រជាកសិករ ប្រធានមន្ទីរកសិកម្មខេត្ត ការិយាល័យកសិកម្មស្រុក និងប្រជាកសិករទាំងអស់ ត្រូវរកវិធីដើម្បីដោះស្រាយបញ្ហាទឹក ម្ចាស់ការឲ្យបានលើបញ្ហាទឹកនេះ។ ឯកឧត្តមបណ្ឌិត ច័ន្ទសារុនជូនឧបករណ៍ព្រោះពូជចំនួន០២ គ្រឿងដល់ការិយាល័យកសិកម្មស្រុកបា ធាយសម្រាប់ទុកធ្វើបង្ហាញជូនប្រជាកសិករផងដែរ។