ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំប្រារព្វទិវាស្បៀងអាហារពិភពលោក ក្រោម ប្រធានបទ “យើងរួមគ្នាលើកកម្ពស់អាហារសុវត្ថិភាព និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពអត់ ឃ្លានឲ្យដល់កម្រិតសូន្យសម្រាប់អនាគតរបស់យើង” ដែលពិធីនេះប្រារព្វក្នុងបរិវេណវត្តមុន្នីឧត្តម នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្ត ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុម ប្រឹក្សាខេត្ត និងមានការចូលរួមជាកិត្តិយសពីឯកឧត្តម លោកជំទាវឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោកស្រី Francesca Erdelmann តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) លោក Alexandre HUYNH តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រជាជាតិ (FAO) មន្រ្តីរាជការ និងប្រជាពលរដ្ឋប្រមាណ ៥០០នាក់។
ជាបឋម ឯកឧត្តម ម៉ៅ ធនិន បានជម្រាបជូនអង្គពិធីអំពីស្ថានភាពនដំណើរការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មនៅខេត្តពោធិ៍សាត់ដែលមានសក្តានុពលក្នុងការវិនិយោគដើម្បីបង្កើនផលិតភាពផលិតកម្ម ធានាសុវត្ថិភាព អាហារូបត្ថម្ភ និងកាត់បន្ថយភាពអត់ឃ្លាន សម ស្របតាមប្រធានបទនៃទិវានាថ្ងៃនេះ។ ព្រមជាមួយគ្នានេះ លោកស្រី Francesca Erdelmann បានរាយការណ៍ជូនអង្គពិធីជ្រាបថានេះគឺជាលើកទី៣៩ នៃទិវាស្បៀងអាហារពិភពលោក ហើយការប្រារព្ធទិវានាពេលនេះគឺជាព្រឹត្តិការណ៍សាកលរបស់អង្គការសហប្រជាជាតិ ដែលពិភពលោកបានប្រារព្ធឡើងក្នុងន័យបំផុសស្មារតីឲ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់នៃវិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ ដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវមានឆន្ទៈចូលរួមឲ្យបានសកម្ម សំដៅឈានទៅបញ្ចប់ភាពអត់ឃ្លាននៅទូទាំងសាកលលោក។ ដោយឡែក លោក Alexandre HUYNH បានថ្លែងថាការលុបបំបាត់ភាពអត់ឃ្លានគឺជាអាទិភាពចំបងបំផុតរបស់អង្គការ FAO ហើយក៏ទាមទារឲ្យគ្រប់តួរអង្គពាក់ព័ន្ធរួមមានអ្នកផលិត អ្នកបរិភោគ រដ្ឋាភិបាល វិស័យឯកជន និងស្ថាប័នស្រាវជ្រាវ បង្កើនសកម្មភាពប្រកបដោយនិរនត្តរភាព ក្នុងន័យចូលរួមសហការក្នុងភាពជាដៃគូដែលជាគន្លឹះសំខាន់បំផុតដើម្បីធ្វើយ៉ាងណាឲ្យប្រធានបទខាងលើទទួលបានជោគជ័យ។ អង្គការ FAO នឹងបន្តគាំទ្ររាល់សកម្មភាពដើម្បីរួមចំណែកធ្វើឲ្យអាហារមានសុវត្ថិភាព និងអាហារូបត្ថម្ភសម្រាប់មនុស្ស លោកនៅគ្រប់បណ្តាប្រទេសជាសមាជិក រួមទាំងកម្ពុជាផងដែរ។
មានមតិនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះវត្តមានរបស់ភ្ញៀវជាតិ អន្តរ ជាតិ និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងទិវានេះ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ដៃគូពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារៀបចំទិវានេះឡើងប្រកបដោយអត្ថន័យ និងផ្លែផ្កាគួរជាទីមោទន។ ឆ្លៀតយកឱកាសដ៏មហោឡារិកនេះ ឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមថ្នាក់ដឹកនាំក្រសួង និងឯកឧត្តមអភិបាលខេត្តបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាពញាចក្រី សម្តេចសេនាវិបុលភក្តី ដែលសម្តេចទាំងបួន បានជូនពរបងប្អូនជនរួមជាតិ និងជាពិសេសប្រជាពលរដ្ឋខេត្តពោធិសាត់ឲ្យទទួលយកនូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ ឈានចូលដល់ប្រធានបទនៃទិវានាថ្ងៃនេះ លោកបានជម្រាបជូនអង្គពិធីថាប្រជាជនជាង១៥០ ប្រទេសនៅលើពិភពលោកបានរៀបចំទិវានេះឡើងគឺមានគោលបំណងលើកកម្ពស់ការយល់ដឹង និងសកម្មភាពជាសាកលសម្រាប់អ្នកដែលទទួលរងគ្រោះដោយការអត់ឃ្លាន ធានាឲ្យបាននូវសន្តិសុខស្បៀង និងរបបអាហារដែលមានជីវជាតិគ្រប់គ្រាន់សម្រាប់មនុស្សលោក។ នៅទូទាំងពិភពលោកមានប្រជាជនជាង ៨២០លាននាក់ កង្វះអាហារូបត្ថម្ភជំងឺរ៉ាំរ៉ៃ ដែលក្នុងនោះ ៦០% គឺជាស្រ្តី និងកុមារ ដែលមានអាយុក្រោម ៥ឆ្នាំ ជិត ៥លាននាក់បានស្លាប់ដោយសារតែបញ្ហាកង្វះអាហារូបត្ថម្ភជារៀងរាល់ថ្ងៃ និងរាប់លាននាក់ទៀតកំពុងតែប្រឈមនឹងការស្រេកឃ្លានអាហារ។