ខេត្តបាត់ដំបងគឺជាទិសដៅចុងក្រោយនៃដំណើរបេសកកម្មសម្រាប់ថ្ងៃទី១ របស់ឯកឧត្តមរដ្ឋមន្ត្រី។ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយ ឯកឧត្តម សឿម ប៉ុនណារិទ្ធ អភិបាលរងខេត្តនិងសហការីបានអញ្ជើញមកពិនិត្យវឌ្ឍនភាពនៃការស្តារឡើងវិញដំណាំស្រូវរបស់បងប្អូនប្រជា កសិករនៅឃុំអូតាគី ស្រុកថ្មគោល។ នៅតំបន់នេះបងប្អូនប្រជាកសិករកំពុងសស្រាក់សស្រាំ ភ្ជួររាស់ ព្រោះពូជស្រូវ ខ្លះទៀតបូមទឹកបញ្ចូលស្រែ។ ខេត្តនេះ ក៏មិនចាញ់ខេត្តពោធិ៍សាត់ប៉ុន្មានទេ ចំពោះគ្រោះមហន្តរាយដោយសារទឹកជំនន់ឆ្នាំនេះ។ មន្ទីរបានឲ្យដឹងថា ផ្ទៃដីដំណាំស្រូវប៉ះពាល់សរុបចំនួន ១២៧ ១៨៩ហ.ត ក្នុងនោះខូចខាតទាំងស្រុងចំនួន ៤២ ៥១៧ហ.ត ក្នុងស្រុកចំនួន១០ ឃុំចំនួន ៦៤ និងកសិករចំនួន ២៧ ៨៤៩គ្រួសារ។ កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បាននាំយកពូជស្រូវចំនួន ១ ០៥០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន មកចែកជូនបងប្អូនប្រជាកសិករចំនួន ១០ ៥០០គ្រួសារ។ ដោយទទួលបានគ្រាប់ពូជស្រូវនេះ បងប្អូនប្រញាប់រួចរះនាំយកពូជស្រូវទៅព្រោះ ដោយគិតមកដល់ថ្ងៃទី២០ សម្រេចធ្វើបាន ៥ ៨៣១ ហ.ត ហើយ ហើយខ្លះទៀតកំពុងញាប់ដៃ ញាប់ជើងទាំងយប់ ទាំងថ្ងៃភ្ជួររាស់ និងព្រោះគ្រាប់ពូជឲ្យបានទាន់ពេលវេលា។ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថាដោយសារទឹកស្រកចុះយឺត ធ្វើឲ្យការភ្ជួររាស់ និងព្រោះពូជស្រូវក៏មានការយឺតយ៉ាវដែរ ហើយសង្ឃឹមថានៅបំណាច់ខែវិច្ឆិកានេះ តួលេខផ្ទៃដីស្តារដំណាំ ស្រូវឡើងវិញនឹងមានការកើនឡើង។
ក្នុងខណ:អញ្ជើញចុះមកតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការស្តារដំណាំស្រូវឡើងវិញនេះ ចំពោះស្រុកឯកភ្នំ បងប្អូនប្រជាកសិករបានជួបបញ្ហាសំខាន់មួយគឺដំណុះគ្រាប់មានកម្រិតទាប ហើយខ្លះទៀតមិនដុះ ធ្វើឲ្យកសិករបង្ខំចិត្តរាស់ចោលតែម្តង។ កសិករទទួលស្គាល់ថា គាត់បានទិញពូជនេះពីប្រភពមិនច្បាស់លាស់ និងពូជមួយចំនួនទៀតគាត់រក្សាទុកយូពេក។ ចំពោះបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំទី១- ចំពោះប្រជាកសិករ មុនទិញពូជស្រូវ គួរពិនិត្យឲ្យបានច្បាស់លាស់ មានប្រភពពីក្រុមហ៊ុន ឬពីសហគមន៍កសិកម្មដែលផលិតពូជ ទទួលស្គាល់ដោយអគ្គនាយកដ្ឋានកសិកម្មត្រឹមត្រូវ និងទី២- ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហ ការជាមួយអគ្គនាយកដ្ឋានកសិកម្ម ចុះពិនិត្យ និងវាយតម្លៃលើគុណភាពគ្រាប់ពូជនៅតាមក្រុមហ៊ុន សហគមន៍កសិកម្ម ដើម្បីលើកកម្ពស់គុណភាពពូជស្រូវ និងផ្តល់ភាពយុត្តិធម៌ជូនអ្នក ប្រើប្រាស់។
ដោយឡែក ក្នុងខេត្តទាំង៣ តំបន់ដែលមិនទទួលរងផងប៉ះពាល់ ដំណាំស្រូវលូតលាស់បានល្អ ខ្លះធ្វើខ្លួន មូលដើម ចេញផ្កា ឱនដាក់គ្រាប់ ហើយតំបន់ខ្លះទៀតបងប្អូនយើងប្រមូលផលជាបណ្តើរៗហើយ។
សូមបញ្ជាក់ថា៖ ការចុះពិនិត្យ និងវាយតម្លៃលើការស្តារឡើងវិញដំណាំស្រូវនៅខេត្តបាត់ដំបង របស់ក្រុមការងារដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី បានចប់សព្វគ្រប់នៅវេលាម៉ោង ៥និង២០នាទី រសៀល។