កម្មវិធីទី២៖
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត រួមជាមួយសហការីបានបន្តដំណើរមកជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនសមាជិកសហគមន៍ប្រឡាយកូនភ្លោះវាលខ្នាត នៅភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ។ លោកពូ វ៉ា សាវន់ ជាប្រធានសហគមន៍ បានរៀបរាប់ជូនឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្តជ្រាបថា បច្ចុប្បន្នសហគមន៍មានសមាជិក ២១៨គ្រួសារ ភាគច្រើនពួកគាត់មានការងារធ្វើស្រែ ដាំបន្លែ និងចិញ្ចឹមមាន់ ក្នុងចំណោមនោះមាន ៣៥គ្រួសារចិញ្ចឹមមាន់ច្រើនជាងគេ មានមាន់រហូតដល់ទៅ ២០០ ក្បាលឡើង ដោយឡែកលោកពូ សាវន់មាន ៥០០ក្បាល (មាន់សាច់)។ អាចរកចំណូលពីផលស្រូវ បន្លែ និងមាន់ចំនួន ១០០០ដុល្លារ/ខែ។ បញ្ហាកន្លងមកមានដូចជាមាន់ឈឺ តម្លៃស្រូវឡើងចុះ និងខ្វះ មធ្យោបាយបូមទឹកបញ្ចូលស្រែ។ ប៉ុន្តែដោយសារប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋនៅតំបន់នេះបានខិតខំពុះ រួមផ្សំជាមួយការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសពីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ធ្វើឲ្យសមាជិកសហគមន៍មានជីវភាពល្អប្រសើរធូធារជាលំដាប់។
សម្រាប់ថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានយកកូនមាន់ពូជចំនួន ២១០ ក្បាល ចែកជូនឲ្យបណ្តុំអាជីវកម្មចិញ្ចឹមមាន់ចំនួន ៧ ដោយបណ្តុំនីមួយៗទទួលបានកូនមាន់ពូជ ៣០ ក្បាល និងជួយ ឧបត្ថម្ភទូភ្ញាស់កូនមាន់ចំនួន ២គ្រឿង (ដោយទូភ្ញាស់ស៊ុតមាន់មានលទ្ធភាពភ្ញាស់បាន ៣០០ស៊ុត/លើក) និងថវិកា ១លានរៀលសម្រាប់ជួយទ្រទ្រង់អាជីវកម្មចិញ្ចឹមមាន់របស់សហគមន៍ឲ្យមានការរីកចម្រើនបន្ថែមទៀត។ ចំពោះតម្លៃស្រូវ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរទាក់ទងទៅនាយកដ្ឋានកសិ-ឧស្សាហកម្ម ជួយស្វែងរកដៃគូទិញស្រូវ ក្នុងលក្ខខណ្ឌនៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា។