កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤នេះ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងលើកទិសដៅឆ្នាំ២០១៤ របស់អគ្គនាយកដ្ឋានកសិកម្ម។ ឯកឧត្ដម សូខន ឫទ្ឋីគុណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានអានរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំប្រចាំឆ្នាំដែលបានដំណើរការអស់រយៈពេល២ថ្ងៃទៅតាមកម្មវិធីដែលបានគ្រោងទុកដោយបានពិនិត្យសេចក្តីរាយការណ៍ បទបង្ហាញ និងធ្វើការពិភាក្សាវាយតម្លៃលទ្ធផលការងារដែលអង្គភាពក្រោមឱវាទសម្រេចបានជាអាទិ៍ ការងារពិសោធន៍ ស្រាវជ្រាវ ការងារផ្សព្វផ្សាយ ការងារផលិតពូជដំណាំ ការងារសមាគមន៍កសិកម្ម និងសម្របសម្រួលជម្រុញការនាំចេញផលិតផលកសិកម្ម។
ឯកឧត្ដមរដ្ឋមន្ត្រីអ៊ុក រ៉ាប៊ុន បានមានប្រសាសន៍បិទកិច្ចប្រជុំដោយបានស្ងើចសរសើរ និងវាយតម្លៃខ្ពស់ពីលទ្ធផលសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់រួមជាមួយការណែនាំតម្រង់ទិសពីសំណាក់ថ្នាក់ដឹកនាំក្រសួងកសិកម្មដែលជាសក្ខីកម្មឆ្លុះបញ្ចាំង ឱ្យឃើញពីការចូលរួមចំណែកយ៉ាងសកម្ម អនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ កំពុងយកចិត្តទុកដាក់លើការធានា ឱ្យមានសន្តិសុខស្បៀង ការបង្កើនផលិតភាព ការធ្វើពិពិធកម្មកសិកម្ម ពាណិជ្ជូបនិយកម្ម និងឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលនយោបាយជម្រុញកំណើនផលិតកម្មកំណើនដំណាំស្រូវ និងនាំចេញអង្ករឱ្យបាន ១លានតោននាឆ្នាំ២០១។
ឯកឧត្ដម រដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនដូចជាត្រូវបន្តជម្រុញការអនុវត្តបច្ចេកទេសប្រពលវប្បកម្ម ការគិតគូរឱ្យបានលំអិតអំពីការចំណាយថ្លៃដើមក្នុងការផលិត និងត្រូវជម្រុញការពិសោធន៍ស្រាវ ជ្រាវ ការផលិតពូជដំណាំបន្ថែមទៀត។ គួរឱ្យកត់សម្គាល់ថា នៅក្នុងកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំ របស់អគ្គនាយកដ្ឋានកសិកម្មក៏មានការដាក់តាំងពិពណ៌សមិទ្ធិផលនៃការស្រាវជ្រាវ របកគំហើញថ្មីៗ និងលទ្ឋផលនៃការធ្វើផលិតកម្មកសិកម្ម ក្នុងនោះដំណាំស្រូវរដូវរស្សាអនុវត្តបាន 2,567,762 ហិកតាគឺស្មើនឹង 107,01ភាគរយ នៃផែនការស្រូវរដូវប្រាំងគិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤នេះអនុវត្តបាន 368,076ហិកតា ក្នុងនោះតាមការគណនាអំពីតុល្យភាពស្បៀងឃើញថាយើងមានអធិរេកស្រូវប្រមាណ 4,785,705 តោន៕