សៀវភៅជិត៤០០មុខ សើ្មនឹងជិត២.០០០ក្បាល ត្រូវបានធ្វើអំណោយផងដល់សាលាទាំង៦ទូទាំងឃុំ និងជាការបំផុសអំណានផងនៅក្នុងទិវាសៀវភៅ ដែលប្រារពធ្វើឡើងកាលពីថៃ្ងទី២១ ខែកុម្ភៈនៅសាលាបឋមសិក្សាត្នោតជុំឃុំអូសារាយ ស្រុកត្រាំកក់។ នេះជាគំនិតផ្តួចផ្តើមរបស់លោក ច័ន្ទសារុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាលើកទី២ ដែលបានធ្វើឡើងនៅទីនោះ។
សៀវភៅនោះ មានចំនួន៣៨៧មុខ ស្មើនឹងជិត១.៨៨៣ក្បាល ជាអំណោយរបស់លោករដ្ឋមន្រ្តីក្រសួងកសិកម្ម និងរបស់លោកគ្រូវអ៊ីវ សារិក។ សៀវភៅទាំងនោះនិយាយពីចំណេះដឹងផ្សេងៗ និងអំពីបំណិនជីវិតទាក់ទងទៅនឹងការងារកសិកម្ម។
លោករដ្ឋមន្រ្តីក្រសួងកសិកម្មដែលអញើ្ជញចូលរួមនៅក្នុងពីធីនេះដោយផ្ទាល់ បានសំដែងនូវការរីករាយដោយបានឃើញលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាកសិករបានមកចូលរួមនៅក្នុងទិវានេះ។ លោកបានចូលរួមលើកទី១ កាលពីថ្ងៃទី២៤ ខែមករាឆ្នាំ២០០៩។
បំណងនៃការប្រារព្ធ ទិវាសៀភៅនៅតំបន់ជនបទនេះ គឺបានធ្វើឡើងនៅថ្ងៃទី៣ ខែមករា នៃឆ្នាំនីមួយៗដើម្បីជាការអបអរសាទរដល់ទិវាជ័យជំនះ៧មករា លើរបបប្រល័យពូជសាសន៍ប៉ុលពត ។ ទិវានេះក៏ដើម្បីបំផុសឡើងវិញនូវ ប្រពៃណីអានសៀវភៅរបស់ប្រជាពលរដ្ឋដែលមិនថាតែនៅ ទីក្រុង ក៏ដូចជាជនបទ។ ជាមួយនេះក៏ដើម្បីធានានូវសមធម៌នៃការសិក្សា ពោលនៅជនបទក៏័មានសៀវភៅអានដែរ បើទោះបីជានៅឆ្ងាយពីទីក្រុងក៏ដោយ។ ឮលោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការអានសៀវភៅបច្ចុប្បន្នមានការធ្លាក់ចុះ។ គុណភាពសំណេរមិនឆ្លើយតបទៅនឹងសំណូមពររបស់អ្នកអាន។ គឺដោយហេតុនេះហើយទើបលោកជំរុញអោយមានការរៀបចំទិវានេះនៅជនបទ ដើម្បីលើកស្ទួយសំណេរបង្កើនចំណេះដឹងបង្កើនបំនិនជីវិត។ លោកបានពន្យល់ដល់អ្នកចូលរួមអំពីសារសំខាន់នៃការអាន។ លោកបានបញ្ជាក់ថាអ្វីដែលលោកចង់ឃើញ ចង់បាន គឺមិនថាតែនៅទីក្រុងរឺជនបទ គឺត្រូវ កសាងសង្គមមួយដែលនិយមការអាន។ ដើម្បីសំរេចបានដូចនេះ មានតែលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសហគមន៍រួមគ្នាលើកទឹកចិត្ត និងបង្កើនឳកាសអោយកុមារបាន អាន និងមានទំលាប់នៅក្នុងការអាន។ លោកបានរំលឹកទៀតថា ការអានជួយដល់ការកែប្រែឥរិយាបថនៅក្នុងការងារកសិកម្មផងដែរពីព្រោះបណ្តាសៀវភៅមួយចំនួន បានផ្តល់អោយកសិករនិងសិស្សនូវចំណេះលេដឹងនេះ។