ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំទិវាមច្ឆជាតិដែលឆ្នាំនេះ
ចេញផ្សាយ ១៧ មិថុនា ២០១៩
2693
នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំទិវាមច្ឆជាតិដែលឆ្នាំនេះក្រសួងគ្រោងនឹងប្រារព្វនៅថ្ងៃទី០១ ខែកក្កដា នៅទីរួមខេត្តឧត្តមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ។
បន្ទាប់ពីបានពិនិត្យទីតាំងរៀបចំរួចមក ឯកឧត្តមរដ្ឋមន្ត្រីស្នើឲ្យក្រុមការងារខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យគម្រោងរៀបចំទិវានេះរួចរាល់សព្វគ្រប់បានទាន់ពេលវេលាដូចកាលបរិច្ឆេទ។ ដើម្បីបង្កើនផលិតភាពផលិតកម្មវារីវប្បកម្ម លោកបានណែនាំឲ្យរដ្ឋបានជលផលថ្នាក់កណ្តាលខេត្តរៀបចំទិវាមច្ចជាតិឲ្យបានគ្រប់ខេត្ត ប្រយោជន៍ដើម្បីផ្សព្វផ្សាយពូជត្រីមួយចំនួនដែលជិតផុតពូជ បង្កើនផលចាប់ពីប្រភពធម្មជាតិ និងរួមគ្នាថែរក្សា ការពារ និងអភិរក្សមច្ចជាតិយើងឲ្យបានស្ថិតស្ថេរគង់វង្សសម្រាប់កូនខ្មែរជំនាន់ក្រោយ។
សូមបញ្ជាក់ថាឆ្នាំនេះរដ្ឋបាលជលផលគ្រោងយកកូនត្រីគ្រប់ប្រភេទ កូនបង្កង និងសត្វល្មូនមួយចំនួនទៀតសរុបជាង ១លានកូន និងពូជត្រីជាច្រើនទៀតមកលែងក្នុងបឹងធម្មជាតិឈ្មោះបឹងស្មោរដែលមានផ្ទៃក្រឡាជាង ១០០ហត។