នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលោម៉ោង ១០:៣០ ព្រឹកថ្ងៃព្រហស្បតិ៍ ០៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Nathan M. Belete នាយកប្រតិបត្តិនៃធនាគារពិភព ប្រចាំតំបន់អាស៊ី បូព៌ា និងសហការី ដើម្បីសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ជូនពីវឌ្ឍនភាពនៃគម្រោងស្តីពីការបែងចែកដីដើម្បីិិសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២ (LASED II) និងស្នើសុំអនុសាសន៍ដើម្បីធ្វើការកែលម្អលើចំណុចខ្វះខាតនៃការអនុវត្តគម្រោងនេះ។
មានមតិស្វាគមន៍ តាមរយ:លោក Nathan M. Belete ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភគាំទ្រលើការអភិវឌ្ឍប្រទេសកម្ពុជា និងសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនប្រកបដោយចីរភាព ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ ដែលកំពុងស្ថិតក្នុងតំណាក់កាលធ្វើការផ្លាស់ប្តូរពីកសិកម្មយថាកម្ម ទៅជាកសិ-ឧស្សាហកម្ម កសិ-ពាណិជកម្ម និងកសិ-ទេសចរណ៍ ដោយផ្តោតជាសំខាន់លើការធ្វើពិពិធកម្មកសិកម្ម ទំនើបកម្មកសិកម្ម និងការផលិតតាមលក្ខណបច្ចេកទេសសមស្រប និងមានស្តង់ដារក្នុងការកែច្នៃ ដើម្បីនាំចេញប្រកបដោយគុណភាព អនាម័យ និងភូតគាមអនាម័យឆ្លើយតបតាមតម្រូវការទីផ្សារ។ ធ្វើយ៉ាងនេះគឺដើម្បីឆ្លើយតបទៅនឹងបរិបទនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាជន ការខ្វះខាតកំលាំងពលកម្មក្នុងស្រុក ការប្រែប្រួលអាកាសធាតុ និងជាពិសេសខិតខំសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ហើយឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់នឹងបន្តផ្តល់ការគាំទ្រ ជាពិសេសលើការធ្វើប្រពលវប្បកម្មដំណាំ បន្លែ វារីវប្បកម្ម និងការចិញ្ចឹមសត្វ ធ្វើយ៉ាងនេះដើម្បីបង្កើនតម្លៃបន្ថែមដល់កសិ ផល ពង្រីកនិងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ធានាគុណភាព សុវត្តិភាពទាំងអនាម័យ និងភូតគាមអនាម័យ ក្នុងគោលបំណងបំពេញខ្សែច្រវាក់ផលិតកម្ម និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម។
នាឱកាសនេះ លោក Nathan M. Belete បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយក៏បានបញ្ជាក់ថា គម្រោងថ្មីដោយឡែករវាងធនាគារពិភពលោក និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគឺពិតជាបានឆ្លើយតប និងស្របតាមការលើកឡើងខាងលើ។ ពាក់ព័ន្ធនឹងគម្រោង LASED II នេះវិញ លោកបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា គោលបំណងចំបងរបស់គម្រោងនេះគឺ ជួយលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលគម្រោងនេះបានជួយគាំទ្រដល់គម្រោងសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការចែកដីឲ្យកសិករគ្មាន និងមានដីតិចតួចដើម្បីប្រកបរបបកសិកម្មចិញ្ចឹមគ្រួសារ។ គម្រោងបានអនុវត្តលើខេត្តគោលដីចំនួន ០៥ មានខេត្តត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំ កំពង់ស្ពឺ និងកំពង់ធំ ដោយបានផ្តល់ប្រយោជន៍ជូន ៤,៤៤១ គ្រួសារ តាមរយ:ការរៀបចំប្រព័ន្ធធារាសាស្រ្តខ្នាតតូច និងផ្តល់សេវាគាំទ្របច្ចេកទេសកសិកម្មមូលដ្ឋានដើម្បីកែលម្អ កម្រិតជីវភាពតាមរយ:ការបង្កើនប្រាក់ចំណូល។ គម្រោងមានរយ:ពេល ០៥ឆ្នាំ ដោយចាប់ពីឆ្នាំ២០១៧-២០២២ ដែលត្រូវចំណាយថវិកាសរុប ២៥លានដុល្លារ។ បច្ចុប្បន្នដោយមានកិច្ចសហការយ៉ាងល្អប្រសើរពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គម្រោងបាននិងកំពុងអនុវត្តទៅតាមកម្មវិធីដូចបានគ្រោងទុក និងទទួលបានលទ្ធផលគួរជាទីមោទន ដោយកម្រិតជីវភាពគ្រួសាររបស់សម្បទានិកមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ មួយវិញទៀត ដើម្បីឲ្យគម្រោងនេះទទួលបានជោគជ័យដូចការរំពឹងទុក លោក Nathan M. Belete សង្ឃឹមថាឯកឧត្តមរដ្ឋមន្ត្រី និងសហការីនឹងបន្តកិច្ចសហការយ៉ាងល្អនេះ ជាប្រយោជន៍ដល់អ្នកទទួលផលពីគម្រោងគឺប្រជាកសិករក្រីក្រ និងងាយរងគ្រោះ។