ថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញចុះទៅពិនិត្យចំការទុរេនរបស់លោក ស៊ីវ ផាន់នី នៅឃុំអារ:ត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នាឱកាសនេះ លោកបានសួរនាំពីសុខទុក្ខ បញ្ហាជីវភាព ការងារបង្កបង្កើនផល និងជាពិសេសដំណាំទុរេនដែលកំពុងពេញនិយមនៅលើទីផ្សារនាបច្ចុប្បន្ននេះ។ បងស្រីស៊ីវ ផាន់នី ម្ចាស់ចំការបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថាបច្ចុប្បន្នបានដាំទុរេនលើផ្ទៃដី ៤,៥ហត ប្រមូលផលបាន១រដូវចំនួន ១០ត/ហត មានទីផ្សារល្អ តម្លៃបោះដុំ ២ម៉ឺនរៀល/១kg។ ចំពោះទិន្នផលឡើងចុះទៅតាមរដូវ ឆ្នាំនេះដោយសារអាកាសធាតុក្តៅពេក ឃើញថាទិន្នផលមានការធ្លាក់ចុះ។ បងស្រីបានបន្ថែមថាភាគច្រើនម្ចាស់ចំការប្រឈមនឹងបញ្ហាអាកាសធាតុ និងឥណទានការប្រាក់ខ្ពស់។
ក្តាប់បានពីបញ្ហារបស់ម្ចាស់ចំការ ឯកឧត្តមរដ្ឋមន្ត្រីបានបកស្រាយជូនបងប្អូនម្ចាស់ចំការនូវរឿង ០៤ សំខាន់គឺទី១.ការងារបច្ចេកទេសដាំ បញ្ហាជម្ងឺ និងការប្រមូលផលទុរេន ទី២.នីតិវិធីនៃការនាំចេញកសិផលកម្ពុជាចេញទៅកាន់ទីផ្សារអន្តរជាតិ ទី៣. ការរៀបចំចងក្រងសហគមន៍ផលិតដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព និងបង្កើនតម្លៃបន្ថែម ជាពិសេសការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និិងទី៤. ណែនាំឲ្យប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមទាក់ទងជាមួយធនាគារកសិកម្មវៀតណាមដែលធនាគារនេះកំពុងមានកិច្ចសហការជាមួយក្រសួងដើម្បីសិក្សាពីកម្ចីឥណទានដែលមានការប្រាក់ទាបជាងបច្ចុប្បន្ន។ តាមរយ:ឯកឧត្តមរដ្ឋមន្ត្រី បងប្អូនម្ចាស់ចំការសូមសំណូមពរដល់ក្រសួងរ៉ែ និងថាមពលមេត្តាពិនិត្យពិចារណាអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អំពីការបញ្ចុះតម្លៃអគ្គីសនី ក្នុងការបូមទឹក ដែលតម្លៃបច្ចុប្បន្នបានប៉ះពាល់ដល់តម្លៃបន្ថែមកសិផលយ៉ាងខ្លាំង ហើយតំបន់នេះមិនទាន់បានអនុវត្តនៅឡើយ។