នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារ ប្រជុំលើការងារអភិរក្សធនធាន ជលផល និងសហគមន៍នេសាទ ដោយមានការចូលរួមពី ឯកឧត្ដមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំរដ្ឋបាលជលផល មន្រ្តីជំនាញ និងអង្គការក្រៅរដ្ឋាភិបាលរួមមាន៖ អង្គការCI , WCS ,FACT ,CEPA និងអង្គការស្ដារកម្ពុជា ដែលធ្វើសកម្មភាព លើកិច្ចការអភិរក្សធនធានជលផល និងអភិវឌ្ឍសហគមន៍នេសាទ នៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប និងតំបន់មេគង្គ។
កិច្ចប្រជុំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម ក្នុងគោលបំណងត្រួតពិនិត្យអំពីសកម្មភាព និងលទ្ធផលរបស់អង្គការដៃគូ ក្នុងគោលដៅតម្រង់ទិស ក៏ដូចជាជំរុញសកម្មភាពការងារ ដើម្បីឱ្យសមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារបានសម្រេចដូចខាងក្រោម៖ ១. អង្គការដៃគូ និងធ្វើការសហការបន្ថែមជាមួយជំនាញ ជលផលដើម្បីទប់ស្កាត់ បង្ការ និងបំបាត់បទល្មើសនេសាទ ២. រួមគ្នាបង្វែរមុខរបរខុសច្បាប់របស់អ្នកនេសាទ មកជាតំបន់អេកូទេសចរណ៍ និងបង្កើនទីផ្សារក្នុងស្រុក ដល់ប្រជាពលរដ្ឋមូលដ្ឋាន ៣. បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល លើកិច្ចការងារអភិរក្ស និងស្រាវជ្រាវធនធានជលផល ៤. រួមគ្នាពង្រឹងសហគមន៍មូលដ្ឋានដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការអភិរក្សធនធានជលផល និងប្រភេទសត្វកំពុងរងគ្រោះថ្នាក់ ក្នុងតំបន់ឱ្យមានប្រសិទ្ធភាព៕