នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងទិវាពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួតឆ្នាំ២០២៤ ប្រារព្ធធ្វើនៅខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុបចំនួនប្រមាណ៦00នាក់។
នាឱកាសប្រារព្ធទិវានោះ ឯកឧត្ដម ចាន់ សារុទ្ធ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អប្រសើរ របស់គ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការប្រារព្ធទិវាខួបលើកទី៣០នាពេលនេះ គឺក្នុងន័យបង្ហាញអំពីឆន្ទៈ ការប្តេជ្ញាចិត្ត និងការចូលរួមរបស់យើង ជាមួយពិភពលោកក្នុងក្របខ័ណ្ឌ នៃការអនុវត្តអនុសញ្ញា ព្រមទាំងដើម្បីលើកទឹកចិត្ត និងបង្កើនចំណាប់អារម្មណ៍គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យបានយល់ជ្រួតជ្រាបអំពីសារៈសំខាន់របស់ដី ដោយដីជាជីវិត។
ឯកឧត្ដម បានបន្ថែមទៀតថា ក្នុងន័យដូចគ្នានេះ ក្រោមការដឹកនាំរបស់ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សម្រាប់ជាធាតុចូល ក្នុងការរៀបចំផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដែលនៅក្នុងនោះ ក៏មានការយកចិត្តទុកដាក់យ៉ាងខ្ពស់ ដើម្បីថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិកសិកម្ម ជាពិសេសដី និងសូមអំពាវនាវ ដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់សូមគាំទ្រ ព្រមទាំងជួយផ្សព្វផ្សាយព័ត៌មាន និងបុព្វហេតុទាំងអស់នេះ ឱ្យបានទូលំទូលាយ និងឱ្យបានជ្រួតជ្រាប ដល់ប្រជាជនគ្រប់មជ្ឈដ្ឋានផងដែរ៕