តបតាមការអញ្ជើញរបស់ឯកឧត្តម Mukhisa Kituyi, Secretary General, United Nations Conference on Trade and Development អគ្គលេខាធិការនៃគណៈកម្មាធិការសន្និសីទ ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍សហប្រជាជាតិ និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំគណៈប្រតិភូ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។
នៅក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨ ដ៏មានសារសំខាន់នេះ ឯកឧត្តមវេង សាខុន នឹងចូលរួមថ្លែងសន្ទរកឋាគន្លឹះនៅក្នុងវេទិការស្តីពី ការវិនិយោគដោយមានភាពទទួលខុសត្រូវក្នុងវិស័យកសិកម្ម (Responsible Agriculture Investment) រួមជាមួយរដ្ឋមន្ត្រីកសិកម្មនៃបណ្តាប្រទេសនានានៅក្នុងសាកលលោក ដោយមានការចូលរួមដោយប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី អ្នកវិនិយោគ និងវិស័យឯកជន ព្រមទាំងអ្នកសង្កេតការមកពីបណ្តាលប្រទេសជាច្រើនលើពិភពលោកផងដែរ។
ឯកឧត្តមវេង សាខុន ក៏ចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាស្តីពី ការអនុវត្ត និងគោលនយោបាយសម្របសម្រួលការវិនិយោគប្រកបដោយនិរន្តរភាព (Sustainable Investment Facilitation Policies and Practices) ។ ក្រៅពីកិច្ចប្រជុំទាំង២នេះ ឯកឧត្តមវេង សាខុន ក៏មានជំនួបពិភាក្សាទ្វេភាគីចំនួន២ គឺទី១ ជួបពិភាក្សាការងារជាមួយលោកស្រី Ms. Gerda Verburg, ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធាននៃចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភ នៃអង្គការសហប្រជាជាតិ Scaling Up Nutrition (SUN) Movement ក្នុងបំណងពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តកម្មវិធីនេះអោយកាន់តែរីកចម្រើនមួយកម្រិតថែមទៀត។ ជំនួបទ្វេភាគីទី២ ឯកឧត្តមវេង សាខុន និង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងជួបពិភាក្សាការងារជាមួយលោក Li Yong អគ្គនាយកនៃអង្គការ UNIDO ដើម្បីពិភាក្សាការងារលើការវិនិយោគលើការកែច្នៃផលិតផលកសិកម្ម និងឧស្សហកម្មនៅកម្ពុជា។
តាមរយៈនៃការចូលរួមកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨ នេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន នឹងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយថែមទៀតពីគោលនយោបាយ និងសក្តានុពលនៃវិស័យកសិកម្មដែលអាចទាក់ទាញអ្នកវិនិយោគគិនធំៗលើសាកលលោកមកធ្វើវិនិយោគលើវិស័យកសិកម្ម កសិឧស្សហកម្ម និងជាពិសេសលើការផលិតកែច្នៃចំណីរអាហារកសិកម្មនៅកម្ពុជា ព្រមទាំងការពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា និងការពង្រឹងនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ជាមួយបណ្តាលប្រទេសជាច្រើនទៀតដែលបានចូលរួមក្នុងសន្និសីទដ៏មានសារសំខាន់នេះ។