នៅព្រឹកថ្ងៃសុក្រ ០៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ មុនពេលកិច្ចប្រជុំលើកទី១៨ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបីចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ង្វៀន សួនគឿង រដ្ឋមន្រ្តីកសិកម្ម និងអភិវឌ្ឍជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំក្រសួងកសិកម្មកម្ពុជា និងវៀតណាមនេះ គឺបានលើកយកមកពិភាក្សានូវប្រធានបទសំខាន់ៗដូចជា៖
១. អនុវិស័យកសិកម្ម
• ការរៀបចំយន្តការនៃការជជែកទ្វេភាគីកម្រិតជំនាញដើម្បីរួមគ្នាដោះស្រាយពីបញ្ហាពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ ជាពិសេសអនាម័យ និងភូតគាមអនាម័យ និងវិធានការទប់ស្កាត់ និងកំចាត់សមាសភាពចង្រៃលើដំណាំ
• ការគ្រប់គ្រងសុខភាពពូជស្វាយចន្ទី ដែលសមាគមស្វាយចន្ទីវៀតណាមបានផ្តល់មកភាគីកម្ពុជា ពុំទាន់បានផ្តល់ឯកសារបច្ចេកទេសគ្រប់គ្រាន់ ពាក់ព័ន្ធទៅនឹងប្រវត្តិពូជ យថាប្រភេទពូជ ប្រភេទសត្វល្អិត និងជំងឺ វិធាននៃការសម្អាតសត្វល្អិតនិងជំងឺពីវៀតណាម
២. អនុវិស័យសត្វ
• ជំរុញកិច្ចសហប្រតិបត្តិការលើការងារសុខភាពសត្វ ចែករំលែកពត៌មានស្តីពីស្ថានភាពសុខភាពសត្វ ការបង្ការទប់ស្កាត់ជំងឺឆ្លងរាតត្បាតសត្វនិងជំងឺស៊ូណូស ត្រួតពិនិត្យសត្វនិងផលិតផលសត្វឆ្លងដែន និងជំរុញផលិតកម្មសត្វ
៣. អនុវិស័យព្រៃឈើ
• ការគ្រប់គ្រងនិងទប់ស្កាត់ការធ្វើពាណិជ្ជកម្មឆ្លងដែនផល អនុផលព្រៃឈើខុសច្បាប់
• ពង្រឹងកិច្ចសហប្រតិបត្តិការលើការដាំព្រៃឈើឡើងវិញ
៤. អនុវិស័យជលផល
• ការទប់ស្កាត់ការនេសាទឆ្លងដែនខុសច្បាប់ ពុំមានការអនុញ្ញាត និងមិនមានរបាយការណ៍
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងវិស័យឯកជនរៀតណាមដែលកន្លងមកបានប្រមូលទីញនូវកសិផលពីកសិករកម្ពុជា ដូចជាកៅស៊ូ ដំឡូងមី ស្វាយចន្ទី និងអង្ករជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ថ្មីៗនេះកសិករកម្ពុជាមានភាពសប្បាយរីករាយចំពោះតម្លៃស្វាយចន្ទី និងដំឡូងមី ហើយឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាភាគីវៀតណាមនឹងបន្តរក្សាបាននូវតុល្យភាពតម្លៃ និងបរិមាណនៃការប្រមូលទីញកសិផលពីកម្ពុជា។ ដោយឡែកចំពោះ ពូជស្វាយចន្ទីដែលសមាគមស្វាយចន្ទីវៀតណាមប្រគល់មកកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យក្រសួងកសិកម្ម រៀតណាមជួយផ្តល់នូវលិខិតបញ្ជាក់អនាម័យ និងភូតគាមអនាម័យ និងលិខិតបញ្ជាក់ពាក់ព័ន្ធផ្សេងទៀត ដើម្បីបញ្ចៀសនូវបញ្ហាផ្សេងៗដែលអាចប៉ះពាល់ដល់ផលប្រយោជន៍កសិករ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឲ្យភាគីវៀតណាមជួយពិនិត្យលទ្ធភាពក្នុងការបង្កើនតម្លៃកៅស៊ូ ដែលប្រមូលទិញពីកម្ពុជា ដើម្បីសម្រួលដល់ជីវភាពកសិករកម្ពុជា។ ចំពោះការចលនាសត្វឆ្លងដែន ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យភាគីវៀតណាមជួយពង្រឹងការបង្ការ និងទប់ស្កាត់ជំងឺឆ្លងរាតត្បាត ដើម្បីបញ្ចៀសនូវហានិភ័យរវាងប្រទេសទាំងពីរ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់ភាគីវៀតណាម ជួយមានវិធានការតឹងរឹងបន្ថែមទៀតពាក់ព័ន្ធដល់ការគ្រប់គ្រងពាណិជ្ជកម្មផល អនុផលព្រៃឈើខុសច្បាប់ និងការនេសាទឆ្លងដែនខុសច្បាប់ ពុំមានការអនុញ្ញាត និងមិនមានរបាយការណ៍ ព្រោះកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរៀបចំលិខិតបទដ្ឋាននានា ដែលសមស្របទៅនឹងលក្ខខណ្ឌតម្រូវរបស់សហភាពអ៊ឺរ៉ុប។
ជាការឆ្លើយតប ឯកឧត្តម ង្វៀន សួនគឿង សន្យាថានឹងសហការជាមួយវិស័យឯកជនវៀតណាមក្នុងការពិនិត្យមើលនូវលទ្ធភាពក្នុងការប្រមូលទិញកៅស៊ូពីកម្ពុជាក្នុងតម្លៃមួយសមស្រប។ ចំពោះបញ្ហាដំឡូងមី បច្ចុប្បន្នវៀតណាមក៏កំពុងជួបប្រទះនូវបញ្ហាជំងឺឆ្លង ហើយក្រសួងនិងអ្នកជំនាញកំពុងមានវិធានការកំចាត់ចោលនូវប្រភេទជំងឺឆ្លង និងកែលម្អឡើងវិញនូវការខូចខាត និងប្រើប្រាស់ពូជថ្មីដែលមានភាពធន់នឹងជំងឺ ហើយឯកឧត្តម នឹងជំរុញដល់វិស័យឯកជនវៀតណាមបន្តរក្សានូវលំនឹងតម្លៃដំឡូងមីនៅកម្ពុជា។ ចំពោះការនេសាទឆ្លងដែន និងការដឹកជញ្ជូនផល អនុព្រៃឈើឆ្លងដែន ខាងភាគីវៀតណាមកំពុងមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយរដ្ឋាភិបាលវៀតណាមបានជំរុញឲ្យមានការដាំព្រៃឈើឡើងវិញជាលក្ខណៈពាណិជ្ជកម្ម និងជួយដល់បរិស្ថាន។ ក្រៅពីកិច្ចការដទៃទៀត ឯកឧត្តម ស្នើឲ្យភាគីទាំងពីររៀបចំក្រុមការងារកម្រិតជំនាញ ដើម្បីបន្តធ្វើការពិភាក្សា និងដោះស្រាយនូវបញ្ហានានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រីកនូវទំហំពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។