កាលពីថ្ងៃចន្ទ ០៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់ឈ្មោះទូទៅរបស់សមាសភាពចង្រៃនៅលើស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងសម្ភារផ្សព្វផ្សាយ។
សិក្ខាសាលាមានគោលបំណង ដើម្បីផ្សព្វផ្សាយនូវឈ្មោះទូទៅរបស់សមាសភាពចង្រៃលើដំណាំសំខាន់ៗជាភាសាខ្មែរ ដល់គ្រប់ភាគីពាក់ព័ន្ធ។ ឈ្មោះទូទៅសមាសភាពចង្រៃលើដំណាំជាភាសាខ្មែរនេះ នឹងត្រូវបានប្រើប្រាស់ជាឯកសារយោងដល់ក្រុមហ៊ុនថ្នាំកសិកម្ម ដែលត្រូវធ្វើការចុះបញ្ជីថ្នាំកសិកម្មនៅក្នុងប្រទេសកម្ពុជា។
សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក Gary Ellem នាយកកម្មវិធី CAVAC និងលោកបណ្ឌិតកែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម តំណាងនាយកដ្ឋាននីតិកម្មកសិកម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាសាលាជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ និងតំណាងក្រុមហ៊ុននាំចូលនិងចែកចាយថ្នាំកសិកម្ម សរុបប្រមាណ ១០០រូប។