កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០១២ ឯកឧត្ដមរដ្ឋមន្ដ្រីរួមដំណើរជាមួយឯកឧត្តមអភិបាលខេត្ត ទីប្រឹក្សាក្រសួង និងមន្ដ្រីថ្នាក់ដឹកនាំនាយកដ្ឋានជំនាញមួយចំនួនបានអញ្ជើញចុះពិនិត្យប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិ (បវស) របស់កសិករ សយ ឡៃ នៅភូមិស្រែចូង ឃុំអ ៤ ស្រុកកោះញែក។ បន្ទាប់មកលោកប្រធានមន្ទីរបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបពីសកម្មភាពបង្កបង្កើនផលទូទាំងខេត្តជារួម និងដោយឡែងស្រុកកោះញែក។
ឃើញជាក់ស្តែងពីទិន្នផលស្រូវ ឯកឧត្តមរដ្ឋមន្ត្រីបានកោដសរសើរដល់ការខិតខំប្រឹងប្រែងរបស់លោក សយ ឡៃ ដែលបានយកចិត្តទុកទាក់លើការងារបង្កបង្កើនផល ពិសេសចាប់យកប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ តាមគោលការណ៍ធម្មជាតិ (បវស) ដោយប្រើពូជស្រូវផ្តារមៀត និងផ្ការំដេង របស់ក្រសួងទៀតផង។ សកម្មភាពនេះបានបញ្ជាក់ពីការប្តូរពូជស្រូវដែលបានសំរិតសំរាំងដោយក្រសួងកសិកម្មជាពូជស្រូវសុទ្ធ ផ្តល់ទិន្នផលខ្ពស់ ជាក់ស្តែងដូចយើងកំពុងពិនិត្យនាពេលនេះ។
ការប្តូរពូជស្រូវនេះបាននិងកំពុងជួយបង្កើនទិន្នផលស្រូវ បង្កើនកម្រិតជីវភាពឲ្យបានប្រសើរឡើង ឈានទៅរំដោះខ្លួនចេញពីភាពក្រីក្រ ដែលកន្លងមកធ្វើបានត្រឹម ១ ទៅ ២ តោន/ហត ហូបមិនគ្រប់គ្រាន់។ នេះគឺជាឆ្នាំដំបូងរបស់បងប្រុស បើទោះបីមិនទាន់ត្រឹមត្រូវតាមបច្ចកទេស តែអាចទទួលយកបានទិន្នផលអាចទទួលបាន ៣,៥ តោន/ហត មិនទាន់ទុំត្រឹមត្រូវផងមានគេមកចាប់ចងទិញទុកធ្វើពូជ។ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានផ្សព្វផ្សាយ សហការជាមួយមន្ទីរកសិកម្ម ត្រូវចុះមកផ្សព្វផ្សាយពូជស្រូវឲ្យបានដល់ប្រជាកសិករ ទោះជិត ឬឆ្ងាយ បច្ចេកទេសក៏ត្រូវមកព្រមគ្នា ធ្វើយ៉ាងណាឲ្យទិន្នផលស្រូវមានការកើនឡើងជាលំដាប់។ មន្ទីរត្រូវជ្រើសរើសគាត់ជាកសិករគំរូនៅក្នុងឃុំនេះ ហើយសុំឲ្យគាត់ជួយពន្យល់ ណែនាំដល់អ្នកជិតខាងពី បវស ផង ជាពិសេសការប្តូរពូជ។
ស្រូវធ្វើបានល្អហើយ ដើម្បីកែប្រែជីវភាព កុំភ្លេចដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ធ្វើយ៉ាងណាកុំឲ្យខ្វះខាត និងជួយកាត់បន្ថយចំណាយ។ ចូរយើងទទួកយកបច្ចេកវិទ្យាកសិកម្ម ដូចជាការប្តូរពូជ ការពង្រាបដី ការសាប ស្ទូង ការថែទាំ។ បើយើងអនុវត្តបានបច្ចេកទេសទាំងអស់នេះគឺជាការចាប់ផ្តើមប្តូរទម្លាប់ពីការធ្វើស្រែពឹងលើធម្មជាតិទៅការធ្វើស្រែតាមបច្ចេកទេសទទួលផលបានខ្ពស់ដែល ជាហេតុធ្វើឲ្យជីវភាពមានការប្រែប្រួល ពីការធ្វើស្រែដើម្បីផ្គត់ផ្គង់តែក្នុងគ្រួសារ ទៅជាការធ្វើស្រែដើម្បីធ្វើអាជីវកម្ម និងឈានទៅផលិតដើម្បីនាំចេញ។
ឯកឧត្តមរដ្ឋមន្ត្រីបានផ្សព្វផ្សាយពូជស្រូវទាំង ១០ ដែលរាជរដ្ឋាភិបាលបានអនុម័តឲ្យប្រើប្រាស់ ពិសេសពូជស្រូវស្រាលមិនប្រកាន់រដូវ។ ដូច្នេះដើម្បីរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបង្កើនរដូវដាំដុះ ក៏ដូចជាបង្កើនទិន្នផលលើផ្ទៃដីដដែល ដើម្បីឈានទៅធានាសន្តិសុខស្បៀង និងឈានទៅរកការប្រកួតប្រជែង ហើយកាលណាមានការប្រកួតប្រជែងនោះទាំងបរិមាណ គុណភាព និងតម្លៃស្រូវ អង្ករច្បាស់ជាត្រូវបានធានាទាំងទីផ្សារក្នងស្រុក និងក្រៅស្រុក ជាពិសេសនឹងឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញអង្ករឲ្យបាន ១ លានតោនក្នុងមួយឆ្នាំនាឆ្នាំ ២០១៥ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្តត្រូវបន្តផ្សព្វផ្សាយពូជទាំង ១០ មុខដល់ប្រជាកសិករ។