ព្រឹកថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នាយកដ្ឋាននីតិកម្មកសិកម្ម សហការណ៍ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ក្រោមជំនួយឧបត្ថម្ភថវិកាពីអង្គការ(FAO)រៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងគំរូស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងការប្រើប្រាស់ប្រព័ន្ធ QR-Code នៅលើស្លាកសញ្ញាថ្នាំកសិកម្ម ក្រោមអធិបតីភាព លោក ភុំ រ៉ា ប្រធាននាយដ្ឋាននីតិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សិក្ខាសាលាដែលរៀបចំឡើង គឺមានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ លើការអនុវត្តការតម្រូវបមាណីយសម្រាប់ថ្នាំកសិកម្ម នៅក្នុងគ្រប់សកម្មភាពពាក់ព័ន្ធនឹងផលិតផលនេះ ជាពិសេស ផ្ដល់ឱ្យអ្នកលក់ដុំលក់រាយថ្នាំកសិកម្ម ទទួលបានការយល់ដឹងដូចខាងក្រោម៖
ទី១-យល់ដឹងអំពីបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានលក្ខណៈជាបទបញ្ជាគតិយុត្ត បង្ខំឱ្យអនុវត្ត ដើម្បីបញ្ជៀសហានិភ័យដែលបង្កដោយការប្រើថ្នាំកសិកម្មពុំមានស្លាកសញ្ញាព័ត៌មាន ស្របតាមការតម្រូវបមាណីយដើម្បីផលប្រយោជន៍របស់កសិករ និងប្រជាពលរដ្ឋទូទាំងប្រទេស ដោយ ធានាបាននូវសន្តិសុខស្បៀង សុវត្ថិភាពស្បៀង សុខភាពសាធារណៈ និងនិរន្តរភាពនៃបរិស្ថាន។
ទី២-ផ្ដល់ចំណេះដឹងបន្ថែមផ្នែកវិធានបច្ចេកទេសពាក់ព័ន្ធនឹងស្លាកសញ្ញាព័ត៌មាននៃថ្នាំកសិកម្ម ឱ្យមាន ការយល់ច្បាស់ទៅលើព័ត៌មានបច្ចេកទេស និងរូបសញ្ញា-និមិត្តសញ្ញានៅលើស្លាកសញ្ញាព័ត៌មាន នៃផលិតផលថ្នាំកសិកម្ម។
ទី៣-ធានាអោយផលិតផលថ្នាំកសិកម្មដែលបានផ្តល់សុពលភាព ផ្គត់ផ្គង់ចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជាអោយមានគុណភាព និងប្រសិទ្ធភាពសម្រាប់កសិករទិញយកទៅប្រើប្រាស់ក្នុងផលិតកម្មកសិកម្ម។
ទី៤-ពង្រឹងចំណេះដឹង និងសម្ថភាពដល់មន្ត្រីនាយកដ្ឋាននីតិកម្មកសិកម្ម ក្នុងការបញ្ចូលទិន្នន័យក្នុងការអធិការកិច្ចដែលមានភាពងាយស្រួលក្នុងការពិនិត្យមើលប្រវត្តិ និងទិន្នន័យរបស់ក្រុមហ៊ុនបានច្បាស់លាស់។
ប្រកាសស្តីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និង គំរូស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម ត្រូវបានបង្កើតឡើងក្រោមការគាំទ្រ ទាំងបច្ចេកទេស និង ថវិកាពីអង្គការ( FAO) និង កម្មវិធីខ្សែច្រវ៉ាក់ តម្លៃកសិកម្ម កម្ពុជា-អូស្រ្តាលី ដំណាក់កាលទី២ (CAVACII) នៅក្នុង ឆ្នាំ២០១៨។ នៅឆ្នាំដើម ២០២១ កម្មវិធីខ្សែច្រវ៉ាក់ CAVACII បានបន្តគាំទ្រដល់នាយកដ្ឋាននីតិកម្មកសិកម្ម ក្នុងការអភិវឌ្ឈន៍ ប្រព័ន្ធ QR Code នេះឡើងដើម្បីពង្រឺងគុណភាពព័ត៌មាន នៅលើស្លាកសញ្ញាថ្នាំកសិកម្ម។