កម្មវិធីចុងក្រោយនៃរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមទាំងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមទា យកស៊ុត របស់កសិករ សូ យក់សេង នៅភូមិកណ្តែក សង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សព្វថ្ងៃគាត់មានមេទាពង ២៤០០ក្បាលកំពុងផ្តល់ពងនិងត្រៀមដាក់កូនទា ៥០០០ក្បាលទៀតនៅពេលទ្រុងថ្មីសាងសង់រួច។ គាត់ចិញ្ចឹមលើផ្ទៃដីសរុបប្រមាណ ១៦០០មែត្រក្រឡាដែលចំណាយសាងសងលើទ្រុងអស់ ១៣០០ដុល្លា ប្រក់ស្បូវលាយស័ង្កី។ ចំណែកការចំណាយទៅលើការផ្តល់ចំណីនិងកម្មករអស់ប្រហែល ៥៨មុឺនរៀលក្នុង១ថ្ងៃនិងចំនេញបានចន្លោះពី២៩មុឺនទៅ ៣០មុឺនរៀល ក្នុង១ថ្ងៃ។ គាត់លក់លាមកទាក្នុង១ខែបាន ៥០មុឺនរៀលបន្ថែមទៀត។សរុប១ខែគាត់អាចរកចំណូលបានប្រហែល៩,៥លានរៀល។
ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើកោតសរសើរកសិករ សូ យក់សេងនិងក្រុមគ្រួសារ ដែលបានខិតខំពង្រីកខ្លួនក្នុងវិស័យចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹមយកស៊ុត ព្រោះថាបច្ចុប្បន្ន ការចិញ្ចឹមក្នុងស្រុកនៅមានកម្រិត និងពុំទាន់អាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាននៅឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តីជំនាញបន្តចុះផ្តល់ការណែនាំ និងផ្សព្វផ្សាយពីរបៀបធ្វើ និងលាយចំណីជូនកសិករ ជាពិសេសរបៀបកែច្នៃម៉ាស៊ីនកិនចំណី ដែលអាចជួយសម្រួលដល់ពលកម្មក្នុងវិស័យចិញ្ចឹមសត្វ ក៏ដូចជាជួយសម្របសម្រួលយន្តការទីផ្សារដល់កសិករផង ដើម្បីធានានិរន្តភាពផលិតកម្ម និងតម្លៃទីផ្សារ។