មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប,ថ្ងៃ ពុធ ៨កើត ដល់ថ្ងៃ សុក្រ ១០កើត ខែ មិគសិរ ត្រូវនឹងថ្ងៃទី៤-៦ខែធ្នូ ឆ្នាំ២០១៩
ក្រុមការងាររបស់នាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះសិក្សាអំពីតម្រូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ដឹកនាំដោយលោក ធីវ វណ្ណធីរ អនុប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស និងលោកស្រី សរ រីណេ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងមានការចូលរួមពីថ្នាក់ដឹកនាំការិយាល័យជំនាញទាំង១០ និងថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងមន្ត្រីរាជការក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្នុងគោលបំណងសិក្សារកអោយឃើញនូវតម្រូវការបន្ថែមសម្រាប់ធ្វើការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រីរាជការ ជំរុញនិងអភិវឌ្ឍន៍ជំនាញបច្ចេកទេស ដែលកំពុងមានស្រាប់និងមិនទាន់មាន ធ្វើយ៉ាងណា អោយមន្ត្រីកសិកម្ម មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់នូវសេវាសាធារណៈក្នុងវិស័យនីមួយៗនៅក្នុងតំបន់ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគឺធនធានមនុស្សជាកត្តាទីមួយនឹងជាអាទិភាពចំបង ក្នុងការស្តារនិងអភិវឌ្ឍន៍សមត្ថភាព អនុវត្តន៍តួនាទីភារកិច្ចទទួលបានលទ្ធផលល្អ។ជាពិសេស ការរៀបចំផែនការបណ្តុះបណ្តាលធនធានមនុស្សជាកត្តាសំខាន់ដែលគ្រប់អង្គភាពទាំងអស់ត្រូវតែធ្វើអោយខានតែបាន។