នៅទីស្តីការ ក្រសួងកសិកម្ម កាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៣ នេះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យគណៈប្រតិភូចិន ខេត្តសាន់ទុង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម WANG JUNMIN (វ៉ាងជុនមីន) លេខាបក្សរងខេត្ត សាន់ទុង ចូលជូបសម្តែងការគូរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន មានប្រសាសន៍សម្តែងនូវកិច្ចស្វាគមន៍ គណៈប្រតិភូខេត្ត សាន់ទុង ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ហើយថ្ងៃនេះបានមកធ្វើទស្សនកិច្ចនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថែមទៀតផង - ឯកឧត្តមរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ក៏បានជម្រាបជួនភ្ញៀវ អំពី សភាពការណ៍រួមនៃវិស័យកសិកម្មប្រទេសកម្ពុជា គឺក្រៅពីដំណាំស្រូវវស្សា និងស្រូវប្រាំង នៅមានដំណាំឧស្សាហកម្ម ដំណាំកសិឧស្សាហកម្ម និងការងារចិញ្ចឹមសត្វដែលជាមុខរបរចាំបាច់បម្រើឲ្យជីវភាពរស់នៅរបស់ប្រជាកសិករប្រមាណ ៨៥ភាគរយ នៅតំបន់ជនបទមានសក្តានុពលច្រើនបម្រើឲ្យផ្នែកវិនិយោគ។
ឯកឧត្តម វ៉ាងជុងមីន មានប្រសាសន៍ថា ក្នុងនាមគណៈប្រតិភូខេត្ត សាន់ទុង និងក្នុងនាមជាឯកឧត្តមផ្ទាល់ សូមសម្តែងនូវ ការអបអរសាទរ ជួនចំពោះឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ដែលទើបត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៥ និតិកាលនៃ រដ្ឋសភា ក្នុងនោះឯកឧត្តមប្រធានគណៈប្រតិភូចិន ក៏បានជម្រាបជួន ឯកឧត្តមរដ្ឋមន្ត្រី ពីគោលបំណងរបស់ គណៈប្រតិភូខេត្ត សាន់ទុង គឺចង់ធ្វើការបណ្តាក់ទុនវិនិយោគដំណាំ ម្រេច នៅខេត្តកំពត ដោយចាប់ផ្តើមជាជំហានដំបូង ប្រមាណ ៥០០ហិកតា សិន។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសុទិដ្ឋិនិយម ពីគោលបំណងគណៈប្រតិភូខេត្ត សាន់ទុង ហើយកិច្ចពិភាក្សាក៏បានផ្តោតការយកចិត្តទុកដាក់ទៅលើការបង្កើតក្រុមការងារបំរើឲ្យគម្រោងវិនិយោគ ដំណាំម្រេច នៅខេត្តកំពត និងពង្រឹងពង្រិកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខេត្តសាន់ទុង ឲ្យកាន់តែប្រសើរឡើងថែមទៀត។