នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៨:៣០នាទីព្រឹក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំអចិន្រៃ្តយ៍ក្រសួងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង ហើយនិងប្រធាន និងថ្នាក់ដឹកនាំ អង្គភាពជំនាញក្រោមឱវាទក្រសួង។ របៀបវារៈនៃកិច្ចប្រជុំមាន៖
១. សេចក្តីព្រាងអនុក្រឹត្យស្តីពីការដំឡើងនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល ទៅជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
២. សេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីកិច្ចសម្របសម្រួលក្នុងការបង្កើត និងការគ្រប់គ្រងសត្តឃាតដ្ឋាន
៣. ការរៀបចំដំណើរការមន្ទីពិសោធន៍របស់សាលាជាតិកសិកម្មព្រែកលៀប
៤. ការដំឡើងសាលាជាតិកសិកម្មទាំង២ ជាសាកលវិទ្យាល័យ
៥. បញ្ហាផ្សេងៗ លទ្ធផលនៃកិច្ចប្រជុំអចិន្រៃ្តយ៍ (សូមរង់ចាំលទ្ធផលផ្លូវការពីអគ្គលេខាធិការដ្ឋានក្រសួង) ក្រោយពីពិភាក្សាយ៉ាងផុលផុសរួចមក អង្គប្រជុំបានសម្រេច៖
របៀបវារៈទី១: ឲ្យនាយកដ្ឋានផលិតកម្ម និងបសុព្យាបាលយកសេចក្ដីព្រាងទៅកែលំអតាមមតិអង្គប្រជុំ រួចដាក់ឆ្លងនាយកដ្ឋាននីតិកម្មកសិកម្ម។ សេចក្ដីព្រាងកែលំអរួចនឹងត្រូវដាក់ឆ្លងប្រជុំអចិន្ត្រៃយ៍ពេលក្រោយ។
របៀបវារៈទី២: ប្រគល់ភារកិច្ចជូនលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការទទួលបន្ទុករៀបចំប្រជុំជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឈានទៅរកការឯកភាពគ្នារៀបចំប្រកាសអន្តរក្រសួង។
របៀបវារៈទី៣: គិតពីការប្រើថវិការដ្ឋសម្រាប់កែលំអសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ។ គិតពីការជ្រើសរើសមន្ត្រីជំនាញ និងការបណ្ដុះបណ្ដាលសមត្ថភាពមន្រ្តីមន្ទីរពិសោធន៍។ល។
របៀបវារៈទី៤: សម្រេចស្នើដំឡើងសាលាជាតិកសិកម្មទាំង២ ជាវិទ្យាស្ថាន។
របៀបវារៈទី៥: បញ្ហាផ្សេងៗរួមមាន: (១)អគ្គនាយកដ្ឋានកសិកម្មជំរុញអនុវត្តសកម្មភាពស្របតាមថវិកាកម្មវិធី និងការរិះរកគំនិតថ្មីក្នុងធ្វើសកម្មភាព។ (២)ត្រូវឆ្លងយោបល់អង្គភាពជំនាញនូវការងារពាក់ព័ន្ធជំនាញនោះ។ (៣)ប្រគល់ជូនឯកឧត្តម គិត សេងពិនិត្យសិក្សាបញ្ចូលនាយកដ្ឋានកសិឧស្សាហកម្មទៅក្នុងអង្គភាពណាមួយសមស្រប (៤)អង្គភាពជំនាញ និងអង្គភាពអនុវត្តគម្រោងត្រូវរៀបចំទិន្នន័យអង្គភាព និងគម្រោងដោយបញ្ជាក់ពីរចនាសម្ព័ន្ធ គោលបំណង សកម្មភាពនិងថវិកា លទ្ធផលសម្រេចបាន។ ទិន្នន័យនេះត្រូវធ្វើបច្ចុប្បន្នភាពរៀងរាល់០៦ខែម្ដង និងជាsoft copy ផ្ញើជូនឯកឧត្តមអគ្គលេខាធិការ ដើម្បីរៀបចំជូនថ្នាក់ដឹកនាំសម្រាប់ចូលរួមក្នុងកម្មវិធី ឬកិច្ចប្រជុំនានា។(៥)ពង្រឹងយន្តការតាមដានការប្រើប្រាស់ថវិកាតាមកម្មវិធី ដើម្បីដាក់វិធានការជំរុញការអនុវត្តសកម្មភាពផ្ដល់សេវាបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ និង(៦)ឯកឧត្តមអគ្គលេខាធិការពិនិត្យពីការតម្លើងក្របខណ្ឌ កាំប្រាក់ ការលើកទឹកចិត្ត ក៏ដូចជាការជ្រើសរើសមន្ត្រីថ្មី។